ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៦៨,៥១ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃចន្ទម្សិលមិញ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៥ភាគរយដល់ត្រឹម៣៣៥១,៦៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៨១ភាគរយដល់៣៣៦៧,៦០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៥នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៧៩,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។
ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៨,១២ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៤២ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕