ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស Ayedh Dejem Group មកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងតំបន់ពាណិជ្ជកម្មនៃរដ្ឋធានីថ្មី Nusantara នាពេលអនាគតរបស់ប្រទេសឥណ្ឌូនេសុី។
លោក Basuki Hadimuljono ប្រធានអាជ្ញាធរគ្រប់គ្រងរដ្ឋធានីថ្មី (IKN) បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងឌូបៃកំពុងស្វែងរកឱកាសអភិវឌ្ឍន៍ដីទំហំ១០ហិកតានៅក្នុងតំបន់ពាណិជ្ជកម្មចម្រុះរបស់រដ្ឋធានី Nusantara។
ជាមួយគ្នានេះ ក្រុមហ៊ុន Ayedh Dejem Group ក៏គ្រោងទិញដីបន្ថែមចំនួន៤ហិកតាទៀត ដើម្បីធ្វើការអភិវឌ្ឍន៍ផ្សេងៗក្នុងគោលដៅគាំទ្រដល់សហគមន៍មូលដ្ឋាន និងសុខុមាលភាពសាធារណៈ។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋឥណ្ឌូនេសុី Antara។
យ៉ាងណាមិញ លោក Basuki បដិសេធមិនបង្ហាញពីទំហំទុនវិនិយោគនោះទេ ដោយសារក្រុមហ៊ុនខាងលើបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងមិនទម្លាយព័ត៌មាន។
លោក Zed Ayesh ប្រធានទទួលបន្ទុកផ្នែកវិនិយោគរបស់ក្រុមហ៊ុន Ayedh Dejem បានអះអាងថា “កិច្ចសហការរបស់ក្រុមហ៊ុនជាមួយអាជ្ញាធរ IKN អាចក្លាយជាការចាប់ផ្តើមនូវដំណើររយៈពេលវែងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី។នេះបើយោងតាមសារព័ត៌មាន Antara។
ការវិនិយោគរបស់ក្រុមហ៊ុនអារ៉ាប់ខាងលើជាការវិនិយោគដំបូងគេនៅរដ្ឋធានីថ្មី Nusantara គិតចាប់តាំងពីលោកប្រធានាធិបតី Prabowo Subianto បានអះអាងថា អាទិភាពរបស់លោកមានភាពខុសគ្នាពីលោកអតីតប្រធានាធិបតី Joko Widodo។
បច្ចុប្បន្ន សម្ព័ន្ធអ្នកធុរកិច្ចមួយ ដែលដឹកនាំដោយក្រុមហ៊ុនចិន China Harbor Engineering Co Ltd (CHEC) និងក្រុមហ៊ុនសំណង់ម៉ាឡេស៊ី IJM កំពុងចូលរួមអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធក្រោមភាពជាដៃគូសាធារណៈ និងឯកជន (PPP) សំខាន់ៗនៅរដ្ឋធានី Nusantara។
គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនោះ រួមមានការកសាងអគារលំនៅដ្ឋានចំនួន២០ សម្រាប់មន្ត្រីរដ្ឋាភិបាលរស់នៅ ក្រោមទំហំទុនវិនិយោគប្រមាណ១៣,៤ទ្រីលានរូពៀ និងការអភិវឌ្ឍន៍ផ្លូវចម្ងាយ២៦,៨៧គីឡូម៉ែត្រ និងផ្លូវរូងក្រោមដី៕