ទីផ្សារលំនៅដ្ឋានហុងកុងនឹងងើបឡើងវិញបន្តិចម្តងៗនៅឆមាសទី២ ឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋានរបស់ទីក្រុងហុងកុងនៃប្រទេសចិននឹងងើបឡើងវិញបន្តិចម្តងៗនៅឆមាសទីពីរនៃឆ្នាំនេះ ដោយសារលំហូរចូលនៃប្រជាជន ការបញ្ចុះអត្រាការប្រាក់ និងការស្ទុះងើបឡើងវិញនៃតម្រូវការជួល បានស្តារទំនុកចិត្តឡើងវិញ។

ធនាគារវិនិយោគ Bocom International បានរំពឹងថា តម្លៃផ្ទះនៅទីក្រុងហុងកុងនឹងកើនឡើង៣ភាគរយក្នុងរយៈពេល៦ខែបន្ទាប់ និងកើនឡើង៥ភាគរយក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដោយសារទំនុកចិត្តមានសញ្ញាប្រសើរឡើង។

ការព្យាករណ៍ប្រកបដោយសុទិដ្ឋិនិយមបានធ្វើឡើង បន្ទាប់ពីទីផ្សារបានធ្លាក់ចុះស្របពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលទីផ្សារភាគហ៊ុន។ ប្រតិបត្តិការទិញអចលនទ្រព្យកាលពីខែឧសភានៅក្នុងទីក្រុងហុងកុងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Philip Tse អ្នកវិភាគ Bocom បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីពេលថ្មីៗនេះថា “ចំណុចរបត់សំខាន់ៗកំពុងលេចឡើងទោះបីជាមានភាពមិនច្បាស់លាស់នៃម៉ាក្រូសេដ្ឋកិច្ចក៏ដោយក្តី”។

ការធ្លាក់ចុះយ៉ាងគំហុកនាពេលថ្មីៗនេះនៃអត្រាការប្រាក់រវាងអន្តរធនាគារនៅហុងកុង (Hibor) ដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំមកនៅត្រឹម០,៦ភាគរយកាលពីថ្ងៃទី២៧ ខែឧសភា ពីអត្រា៣,៩៥ភាគរយនៅថ្ងៃទី៣០ ខែមេសា បន្ទាប់ពីមានអន្តរាគមន៍នៅក្នុងទីផ្សាររូបិយបណ្ណដោយអាជ្ញាធររូបិយវត្ថុហុងកុង។

លោកជឿជាក់ថា ការណ៍នេះនឹងជួយស្តារទំនុកចិត្តនៅក្នុងទីផ្សារអចលនទ្រព្យ ដោយជំរុញសុទិដ្ឋិនិយមក្នុងចំណោមអ្នកទិញផ្ទះ និងអ្នកវិនិយោគ ព្រមទាំងគាំទ្រដល់ស្ថិរភាព និងការងើបឡើងវិញនៃទីផ្សារលំនៅដ្ឋាន។

ធនាគារ Bocom បានបន្ថែមថា “ការធ្លាក់ចុះនៃអត្រាការប្រាក់ជួយបន្ធូរបន្ថយបន្ទុកចំពោះអ្នកទិញផ្ទះប្រកបដោយប្រសិទ្ធភាព និងផ្តល់ឱកាសអំណោយផលសម្រាប់អ្នកទិញផ្ទះលើកដំបូង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here