NBC៖ ការ​រៀ​ចំ​ឥណទាន​ឡើងវិញ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ទឹកប្រាក់ជិត ៦០០លាន​ដុល្លារ

ដោយៈ សាវុធ

ភ្នំពេញៈ គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បានផ្តល់​ការអនុគ្រោះ​ដល់​អ្នក​ខ្ចីប្រាក់ តាមរយៈ​ការ​រៀ​ចំ​ឥណទាន​ឡើងវិញ ក្នុង​វិស័យ​សំណង់​ចំនួន២១.៦៣៦គណនី ដែល​ស្មើនឹង​ទំហំ​ទឹកប្រាក់៥៩៤,៤លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំមុន។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។

របាយការណ៍​បានឱ្យដឹងថា គ្រឹះស្ថាន​ធនាគារ បានផ្តល់​ការអនុគ្រោះ​ដល់​អ្នក​ខ្ចីប្រាក់ តាមរយៈ​ការ​រៀ​ចំ​ឥណទាន​ឡើងវិញ ក្នុង​វិស័យ​សំណង់​ចំនួន៧.៥៧៩គណនី ស្មើនឹង៤៧៧លាន​ដុល្លារ ខណៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បានផ្តល់​ការអនុគ្រោះ​ដល់​អ្នក​ខ្ចីប្រាក់ តាមរយៈ​ការ​រៀ​ចំ​ឥណទាន​ឡើងវិញ ក្នុង​វិស័យ​សំណង់​ចំនួន ១៤.០៥១គណនី ស្មើនឹង​ទំហំ​ទឹកប្រាក់ ១១៧,៤លាន​ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ជា ចាន់តូ​ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែងថា ឈរលើ​បន្ទាត់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ចេញ គោលនយោបាយ​រូបិយវត្ថុ​វិត្ថារ​កម្ម និង​វិធានការ​ម៉ាក្រូ​ប្រុងប្រយ័ត្ន សំដៅ​បង្កើន​សន្ទនីយ​ភាព​នៅក្នុង​ប្រព័ន្ធ​ធនាគារ និង​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ត​ផ្តល់​ឥណទាន​ដល់​វិស័យ​អាទិភាព និង​ផ្តល់​ការអនុគ្រោះ​ដល់​ប្រជាជន​ក្រីក្រ ដែល​រង​ផលប៉ះពាល់​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ។

លោក​ថ្លែងថា “ប្រសិទ្ធភាព​នៃ​គោលនយោបាយ​ទាំងនេះ ត្រូវបាន​ឆ្លុះបញ្ចាំង តាមរយៈ​ការបន្ត​មាន​កំណើន​ឥណទាន កម្រិត​ទាប​នៃ​ឥណទាន​មិន​ដំណើរការ និង​និន្នាការ​ថយចុះ​នៃ​ចំនួន​គណនី ក៏ដូចជា​ទឹកប្រាក់​នៃ​ឥណទាន​រៀបចំ​ឡើងវិញ” ។

លោក​បាន​ឱ្យដឹងទៀតថា គោលនយោបាយ​រូបិយវត្ថុ អាចមាន​លទ្ធភាព​បន្ថែមទៀត ក្នុងការ​ស្តារ និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច ដូចជា ការកាត់បន្ថយ​អត្រា​ការប្រាក់​នៅលើ​ទីផ្សារ ការចាក់​បញ្ចូល​សាច់ប្រាក់​នៅក្នុង​សេដ្ឋកិច្ច និង​ការទិញ​មូល​ប​ត្រ​រដ្ឋ នៅពេលដែល​ប្រាក់រៀល​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ និង​មាន​វត្តមាន​មូល​ប​ត្រ​រដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here