ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “នីតិវិធីប្រមូលស្ថិតិផលិតកម្មបន្លែ ដោយប្រើយន្តការមន្ត្រីកសិកម្មឃុំ” ក្រោមអធិបតីភាពលោកហ៊ាន វណ្ណហន រដ្ឋលេខាធិការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងអង្គភាព និងនាយកដ្ឋានជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងកំណត់ វិធីសាស្ត្រប្រមូលស្ថិតិផលិតកម្មបន្លែ ឱ្យមានស្តង់ដារតែមួយ ប្រសិទ្ធភាព និងសុក្រឹតភាពខ្ពស់ តាមរយៈការអនុវត្តផ្ទាល់របស់មន្ត្រីកសិកម្មឃុំទូទាំងប្រទេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងនោះ ក្រសួងនឹងធ្វើសំយោគ និងច្របាច់បញ្ចូលវិធីសាស្ត្រប្រមូលទិន្នន័យដែលមានស្រាប់ ជាមួយយន្តការមន្ត្រីកសិកម្មឃុំ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមមាន កម្មវិធីទូរស័ព្ទដៃ (App)ការកត់ត្រាព័ត៌មានតាមទីតាំងភូមិសាស្ត្រជាក់ស្តែង និងការប្រមូលទិន្នន័យផ្ទាល់ពីតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាឱ្យទិន្នន័យផលិតកម្មបន្លែមានភាព ត្រឹមត្រូវ ទាន់ពេលវេលា អាចតាមដាន និងអាចប្រើប្រាស់ បានប្រកបដោយប្រសិទ្ធភាព សម្រាប់គាំទ្រដល់ការរៀបចំផែនការ ការសម្រេចចិត្ត និងការអភិវឌ្ឍវិស័យផលិតកម្មបន្លែ។
ជាលទ្ធផល អង្គប្រជុំបានឯកភាពធ្វើសំយោគ និងច្របាច់បញ្ចូលវិធីសាស្ត្រដែលមានស្រាប់ ជាមួយយន្តការមន្ត្រីកសិកម្មឃុំ ដោយសម្រេចយក “FarmBook App” មកអភិវឌ្ឍបន្ថែម និងបញ្ចូលទម្រង់ (Form)សម្រាប់ប្រមូល និងតាមដានទិន្នន័យផលិតកម្មបន្លែឱ្យបានជាក់លាក់ និងងាយស្រួលប្រើប្រាស់។
ការកែលម្អនេះ នឹងជួយ កាត់បន្ថយពេលវេលា និងបន្ទុកការងារ បង្កើនសុក្រឹតភាព និងធានាការផ្តល់ព័ត៌មានបានទាន់ពេលវេលា ព្រមទាំងសម្រួលដល់ការបំពេញភារកិច្ចស្នូល របស់មន្ត្រីកសិកម្មឃុំនៅមូលដ្ឋាន៕









