ដោយៈ ចំណាន
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ដឹកនាំដោយលោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី មន្រ្តីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន រួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូន ភស្តុភារកម្ម និងការតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិ និងការកំណត់ឱកាសនានា ដើម្បីកែលម្អប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងសម្របសម្រួលកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ តាមរយៈការកែលម្អប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់លំហូរពាណិជ្ជកម្មទ្វេភាគី៕








