ក្រសួង​ពង្រឹង​ធនធាន​មនុស្ស​លើ​ជំនាញ​លក់ ​និង​ទំនាក់​ទំនង ​សម្រាប់​ការ​នាំ​ចេញ​

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គបណ្តុះបណ្តាល ជំនាញលក់ និងទំនាក់ទំនងសម្រាប់ការនាំចេញ ត្រៀមចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ SIAL PARIS 2026”។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី លោកស្រី Cristina Novio Garcia, Programme Officer នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Till Ahnert នាយកគម្រោង EU-German GATE នៃអង្គការGIZ កម្ពុជា និងលោក Martin Thisted អ្នកជំនាញបណ្តុះបណ្តាលអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះ រៀបចំឡើងក្រោមកិច្ចសហការគាំទ្ររួមគ្នា រវាងក្រសួ​ងពាណិជ្ជកម្ម សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដើម្បីបំពាក់បំប៉នសមត្ថភាព ដល់តំណាងធុរកិច្ចកម្ពុជា ឱ្យកាន់តែមានភាពច្បាស់លាស់ និងម្ចាស់ការលើគ្រប់ទិដ្ឋភាព មុនពេលចេញទៅជួបដៃគូពាណិជ្ជកម្មដោយផ្ទាល់។

វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ ផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងភាពប៉ិនប្រសប់ក្នុងការទំនាក់ទំនង និងការចរចាពាណិជ្ជកម្មតាមស្តង់ដារទីផ្សារអឺរ៉ុប។ ខ្លឹមសារគន្លឹះរួមមាន៖ បច្ចេក​ទេសធ្វើបទបង្ហាញទាក់ទាញចំណាប់អារម្មណ៍ដំបូង (Pitching) ការវិភាគចិត្តសាស្ត្រ និងតម្រូវការអ្នកបញ្ជាទិញ ការអនុវត្តសាកល្បងចរចាពាណិជ្ជកម្ម (Negotiation Role-Play) ការកំណត់ទំហំកិច្ចព្រមព្រៀងជាក់ស្តែង ព្រមទាំងការកសាងយុទ្ធសាស្ត្រ តាមដានការលក់ប្រកបដោយវិជ្ជាជីវៈ (Follow-up within 48 hours) ដើម្បីប្រែក្លាយឱកាសពិភាក្សាទៅជាកិច្ចសន្យានាំចេញពិតប្រាកដ។

ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL Paris 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង ដែលជាវេទិកាធុរកិច្ចម្ហូបអាហារ និងភេសជ្ជៈដ៏ធំមួយលើពិភពលោក ដោយរំពឹងថានឹងមានក្រុមហ៊ុនចូលរួមតាំងបង្ហាញប្រមាណ៧,៥០០ និងអ្នកទស្សនាធុរកិច្ច (Trade Visitors)ជាង ២៨៥,០០០នាក់។

នៅក្នុងព្រឹត្តិការណ៍នេះ ក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការគាំទ្ររួមគ្នាពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ នឹងរៀបចំពន្លាជាតិកម្ពុជា (Cambodia Pavilion) នៅសាលទី៧ (Hall 7, Stand J-347) ក្រោមមូលបទ “Basket of Wonders” ដើម្បីដឹកនាំក្រុមហ៊ុន-សហគ្រាសដែលត្រៀមខ្លួនរួចស្រេច សម្រាប់ការនាំចេញ ទៅតាំងបង្ហាញផលិតផលកសិ- កែច្នៃសក្តានុពលខ្ពស់របស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ផ្លែឈើសម្ងួត (ជាពិសេសស្វាយសម្ងួត) ម្រេច និងគ្រឿងទេស ព្រមទាំងម្ហូបពាក់កណ្តាល​សម្រេ​ច (Ready-to-Cook) គុណភាពខ្ពស់ សំដៅលើកកម្ពស់កិត្យានុភា​ពផលិតផលជាតិ និងតភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិ ប្រកប​ដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here