ដោយៈ ចំណាន
សៀមរាបៈ ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ ទទួលបានការគាំទ្រ ពីគម្រោងប្រកាសលទ្ធផលប្រជាកសិករទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោងEMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន ខេត្តសៀមរាប។
ក្នុងជំនួបជាមួយប្រជាកសិករ លោកឃុន សាវឿន បានគូសបញ្ជាក់ថា សម្រាប់ប្រជាកសិករនៅស្រុកស្វាយលើ គម្រោង EMPOWER បានកំណត់ជម្រើសមុខរបរកសិកម្មចំនួន២ប្រភេទ ដើម្បីផ្តល់ឱកាសឱ្យប្រជាកសិករ ជ្រើសរើសតាមស្ថានភាពរួមមាន៖ ការដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ។
ទន្ទឹមនឹងនោះ លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងកសិកម្ម នឹងបន្តផ្តល់ការគាំទ្រដល់ប្រជាកសិករ ដែលទទួលបានការជ្រើសរើសពីគម្រោង តាមរយៈការបណ្តុះបណ្តាលចំណេះដឹង និងបច្ចេកទេសកសិកម្ម ការផ្តល់សម្ភារៈ និងធាតុចូលសម្រាប់ផលិតកម្ម ព្រមទាំងការតភ្ជាប់ទីផ្សារនៅពេលប្រមូលផល។
តាមរយៈការគាំទ្ររបស់គម្រោង ប្រជាកសិករដែលទទួលបានការជ្រើសរើស នឹងទទួលបានសម្ភារៈផលិតកម្មកសិកម្ម ក្នុងនោះរួមមាន៖ កូនមាន់ពូជ និងចំណី ពូជបន្លែ មេផ្សិត និងជី សម្រាប់អនុវត្តមុខរបរឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព៕








