ដោយៈ ចំណាន
ភ្នំពេញៈ លោកគង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី “កម្មន្តសាលឆ្លាតវៃ សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា”។
សិក្ខាសាលានេះក៏មានការអញ្ជើញ ចូលរួមដ៏ខ្ពង់ខ្ពស់ដោយ លោកស្រី Guan Wei ទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ថ្នាក់ដឹកនាំនិងមន្រ្តីតំណាងស្ថានទូត សាស្ត្រាចារ្យមហាវិទ្យាល័យវិជ្ជាជីវៈធុរកិច្ចអន្តរជាតិហ៊ូណាន និងមហាវិទ្យាល័យវិជ្ជាជីវៈការងារ និងធនធានមនុស្សហ៊ូណាន ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៩។
ក្រោមក្របខណ្ឌជំនួយទ្វេរភាគី របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក.អ.ក. បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងវិទ្យាស្ថាន វិជ្ជាជីវៈធុរកិច្ចអន្តរជាតិហ៊ូណាន ដើម្បីរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងចែករំលែកបទពិសោធន៍របស់ចិន លើការធ្វើបរិវត្តកម្មឌីជីថល ដោយផ្តោតលើកម្មន្តសាលឆ្លាតវៃ សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។
សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៩-២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការធ្វើបទបង្ហាញពីសាស្ត្រាចារ្យនៃមហាវិទ្យាល័យវិជ្ជាជីវៈធុរកិច្ច អន្តរជាតិហ៊ូណាន និងមហាវិទ្យាល័យវិជ្ជាជីវៈការងារនិងធនធានមនុស្សហ៊ូណាន។
ក្នុងឱកាសនេះ លោកអគ្គលេខាធិការ បានគូសបញ្ជាក់ពីចំណងមិត្តភាពដែកថែបដ៏រឹងមាំរវាងចិននិងកម្ពុជា ដែលត្រូវបានកសាង ជំរុញ និងថែរក្សាយ៉ាងយកចិត្តទុកដាក់ ដោយរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
លោកគង់ វិមាន ក៏បានលើកឡើងអំពីសារៈសំខាន់ នៃការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងសមត្ថភាពស្ថាប័ន និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយ និងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕









