រដ្ឋបាល​ខេត្ត​សៀមរាប​ចាប់​ផ្តើម​ពិនិត្យ​ និង​វាយ​តម្លៃ​ឡើង​វិញ​លើ​ការ​រៀប​ចំ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រោម​ដី​ និង​បញ្ហា​ជន​ភៀសសឹក​

ដោយៈ ម៉ាណា

   សៀមរាបៈ ក្រុមមន្រ្តីរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញ ចំពោះការរៀបចំប្រព័ន្ធទឹក ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា សេវាសុខាភិបាល បរិស្ថានអនាម័យ និងកិច្ចការទូទៅនៅទីតាំងមណ្ឌលសុវត្ថិភាព ជនភៀសសឹកតាមបណ្ដាក្រុង ស្រុក ក្នុងខេត្តសៀមរាប។

កិច្ចប្រជុំនេះដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមប្រជុំពិភាក្សាដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញ ចំពោះការរៀបចំកន្លងមកដូចជា ប្រព័ន្ធទឹក ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា សេវាសុខាភិបាល បរិស្ថានអនាម័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ព្រមទាំងមានការអញ្ជើញចូលរួមពីលោក នាយករងរដ្ឋបាលសាលាខេត្ត លោក អភិបាល នៃគណៈអភិ បាលក្រុង ស្រុក ទាំង ១៣ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងទីចាត់ការចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។

ជាមួយគ្នានឹងកិច្ចប្រជុំនេះ លោកអ៊ឹង គឹមលាង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍អំពីបច្ចុប្បន្នភាពនិងស្ថានភាពជនភៀសសឹក ជូនលោករដ្ឋលេខាធិការ និងអង្គប្រជុំឱ្យបានជ្រាប។ លើសពីនេះលោកអភិបាលរង ក៏បានបញ្ជាក់ជូន បន្ថែមទៀតថា ដោយទទួលបានការណែនាំពីរាជរដ្ឋាភិបាល តាមរយៈលោកកិត្តិសង្គហបណ្ឌិតគន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាន៍ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាប ធ្វើការបិទបញ្ចប់ករណីជនភៀសសឹក ស្នាក់នៅខេត្តសៀមរាប ទាំងទីតាំងមណ្ឌលសុវត្ថិភាព និងការស្នាក់នៅតាមផ្ទះ ដើម្បីឱ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញចំពោះតំបន់ ដែលប្រឈមតិចតួច និងចំពោះតំបន់ដែលក្រហម ត្រូវទាក់ទង ទៅកាន់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន នឹងអាចចូលទៅកាន់ជំរុំ ដែលរាជរដ្ឋាភិបាល បានរៀបចំបង្កើតឡើងដែលមានផ្ទះ មានដីសម្រាប់ធ្វើកសិកម្មសមរម្យបណ្តោះអាសន្ន។

បន្ថែមពីនេះ លោកអភិបាលក្រុង ស្រុក បានធ្វើសេចក្តីរាយការណ៍ ពីស្ថានភាពរស់នៅរបស់ជនភៀសសឹក និងបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក ដូចជាបញ្ហាការចំណាយថ្លៃអគ្គិសនី ការចូលរៀនរបស់កុមារនៅខេត្តសៀមរាប ជម្រកតង់ និងសម្ភារៈមួយចំនួនពុំអាចឆ្លើយតបទៅមុខទៀតបានដោយសារកត្តាអាយុកាលជាដើម។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាន៍ណែនាំឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវថែរក្សា និងសម្អាតទីតាំងមណ្ឌលនីមួយៗឱ្យបានល្អ ដេីម្បីទុកជាប្រយោជន៍ដល់វត្តអារ៉ាម និងត្រូវធ្វើរបាយការណ៍ពីបញ្ហាប្រឈមនានា ជាពិសេសបញ្ហាថ្លៃអគ្គិសនី ដើម្បីធ្វើរបាយការណ៍សរុបរាយការណ៍ជូនលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជ្រាប និងអន្តរាគមន៍ដោះស្រាយ លើបញ្ហាប្រឈមនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here