កម្ពុជា​ត្រៀម​រៀប​ចំ​ “ភូមិ​ហ្រ្វង់​កូហ្វូន”​ ស្វាគមន៍​កិច្ច​ប្រជុំ​កំពូល​ប្រទេស​ប្រើ​ប្រាស់​ភាសា​បារាំង​នៅ​ចុង​ឆ្នាំ​នេះ​

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងកិច្ចការនារីបានបើក កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំព្រឹត្តិការណ៍អម “ភូមិហ្រ្វង់កូហ្វូន-Village Francophone”។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការជាតិ និងជាសហប្រធានក្រុមការងារដឹកនាំ រៀបចំព្រឹត្តិការណ៍អមភូមិហ្រ្វង់កូហ្វូន និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំ កំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងជាប្រធានអនុគណៈកម្មការទី៥ “ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល” បានអញ្ជើញជាអធិបតី ដឹកកិច្ចប្រជុំអនុគណៈកម្មការទី៥ “ពិនិត្យ និងពិភាក្សាវឌ្ឍនភាពនៃការរៀបចំព្រឹត្តការណ៍អម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗ ដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។

នាឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗ ចំនួនពីរគឺ៖ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និងភូមិហ្វ្រង់កូតិច (FrancoTech)។

ព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យ និងមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ នឹងរំពឹងថាមានការចូលរួម ពីប្រទេសសមាជិកជាង៩០ប្រទេសនៅលើពិភពលោក ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនឹងជួយជំរុញការផ្សព្វផ្សាយអំពី សក្តានុពលទេស​ចរណ៍កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here