កម្ពុជា រុស្ស៊ីសន្យាពង្រឹងកិច្ចសហការលើការអភិវឌ្ឍប្រកបដោយចីរភាព បន្ទាប់ពីទំនាក់ទំនងប្រទេសទាំងពីរឈានដល់ខួប៧០ឆ្នាំ

    ដោយៈ ចំណាន

    ភ្នំពេញៈ ប្រទេសទាំងពីរមានជំហរល្អ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថ្មីៗ ដូចជា នវានុវត្តន៍ឌីជីថល ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី កាលពីថ្ងៃពុធ បានប្តេជ្ញាថា នឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងវិស័យពាណិ​ជ្ជកម្ម ទេសចរណ៍ ការអប់រំ និងសេវាកម្ម ដោយផ្តោតលើឱកាសថ្មីៗក្នុងការវិនិយោគ និងការអភិវឌ្ឍជំនាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី៧០នៃទំនាក់ទំនងការទូតនៅទីក្រុងភ្នំពេញ។

ក្នុងចំណោមអ្នកចូលរួមកិត្តិយសក្នុងព្រឹត្តិការណ៍នេះ រួមមាន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភាផងដែរ។

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកនេះ កម្ពុជា និងរុស្ស៊ី បានកសាងទំនាក់ទំនងដ៏យូរអង្វែងមួយ ដែលមានមូលដ្ឋានលើការគោរពគ្នា ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាព។

លោកបានកត់សម្គាល់ថា “ទំនាក់ទំនងការទូតនេះ ត្រូវបានបង្កើតឡើងជាផ្លូវការ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរ ភូមិសាស្ត្រនយោ​បាយ ដោយអតីតសហភាពសូវៀតដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គមរបស់កម្ពុជា បន្ទាប់ពីការរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ១៩៧៩”។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា និស្សិតកម្ពុជាជាង ៨០០០នាក់ បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សា នៅអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ដោយអតីតនិស្សិតជាច្រើន កំពុងបម្រើការងារក្នុងតំណែងជាអ្នកដឹកនាំ នៅទូទាំងវិស័យផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ធនធានមនុស្សទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសជាតិរបស់កម្ពុជា និងបានលើកកម្ពស់អ្នកជំនាញជំនាន់ក្រោយ ដែលបម្រើជាស្ពានរវាងប្រទេសទាំងពីរ។

លោកប្រាក់ សុខុន បានសង្កត់ធ្ងន់ថា “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងរុស្ស៊ី មានសក្តានុពលខ្លាំង ជាមួយនឹងយន្តការស្ថាប័នដូចជា គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលបម្រើជាវេទិកាសំខាន់ៗដើម្បីចាប់យកឱកាសរួមគ្នា”។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ កបទ.សអ បានឱ្យដឹងថា កម្ពុជា និងរុស្ស៊ីមានជំហរល្អ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដូចជា នវានុវត្តន៍ឌីជីថល ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងខែមេសា ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានធ្វើជាសហប្រធា​ននៃសម័យប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលជាមួយរុស្ស៊ី ដោយកំណត់ទិសដៅនាពេលអនាគត សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា ដូចដែលបានឯកភាពគ្នាដោយភាគីទាំងពីរ។

ទោះបីជាភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ កម្ពុជានៅតែជាគោលដៅដ៏ទាក់ទាញ និងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង សម្រាប់ភ្ញៀវទេសចររុស្ស៊ី ដោយចំនួនភ្ញៀវទេសចរកើនឡើងជារៀងរាល់ឆ្នាំ ដែលឆ្លុះបញ្ចាំងពីការតភ្ជាប់រវាងប្រជាជន និងប្រជាជនកាន់តែរឹងមាំ និងការតភ្ជាប់សេដ្ឋកិច្ចកាន់តែរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here