ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការលើកកម្ពស់បរិយាកាសវិនិយោគ និង ការប្រកួតប្រជែងដោយស្មើភាព សម្រាប់គម្រោងកសិដ្ឋានចិញ្ចឹមសត្វ បម្រើឱ្យការស្រាវជ្រាវជីវវេជ្ជសាស្ត្រ។
កិច្ចប្រជុំនេះដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ថាប័ន ដើម្បីពិភាក្សាលើការលើកកម្ពស់បរិយាកាសវិនិយោគ និង ការប្រកួតប្រជែងដោយស្មើភាព សម្រាប់គម្រោងវិនិយោគកសិដ្ឋានចិញ្ចឹមសត្វ បម្រើឱ្យការស្រាវជ្រាវជីវវេជ្ជសាស្ត្រ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ និងលេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យពិភាក្សាលើយន្តការអនុវត្តជាក់ស្តែង ដោយបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការ គ្រប់គ្រងប្រកបដោយតម្លាភាព សំដៅធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព (Level playing field) តាមរយៈការពង្រឹងអនុលោមភាពរបស់ប្រតិបត្តិករ។
អង្គប្រជុំបានកត់សម្គាល់អំពីសារៈសំខាន់ នៃនីតិវិធីប្រកាសទិន្នន័យនាំចេញឱ្យមានស្តង់ដារួមមួយ ដែលមានលក្ខណៈសមស្រប និង អាចទទួលយកបាន ដោយគ្រប់តួអង្គពាក់ព័ន្ធ ។
អង្គប្រជុំបានឯកភាពប្រគល់ភារកិច្ច ជូនអគ្គនាយកដ្ឋានជំនាញ និង លេខាធិការដ្ឋានក្រុមការងារ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងវិស័យឯកជន ដើម្បីធ្វើការសិក្សាស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ សំដៅរៀបចំយន្តការអនុវត្ត ដើម្បីគាំទ្រដល់ការប្រកួតប្រជែងប្រកបដោយស្មើភាព សម្រាប់គម្រោងកសិដ្ឋានចិញ្ចឹមសត្វបម្រើឱ្យការស្រាវជ្រាវជីវវេជ្ជសាស្ត្រ៕








