ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបិទ “វគ្គបណ្តុះបណ្តាលតម្រង់ទិសជាស៊េរីស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ” ជូនមន្ត្រីរាជការក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ និងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីបិទវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំ របស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន សាលាជាតិគយ នៃអគ្គនយកដ្ឋានគយ និងរដ្ឋាករកម្ពជា និងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និង សិក្ខាកាម សរុបប្រមាណ៤៨០នាក់។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិតសភាចារ្យ បានសម្តែងការអបអរសាទរចំពោះសិក្ខាកាម ដែលបានខិតខំរៀនសូត្រ និង បានបញ្ចប់វគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដោយជោគជ័យ ហើយវិញ្ញាបនបត្រ ដែលដែលសិក្ខាកាមទទួលបាននាថ្ងៃនេះ គឺជាសក្ខីភាពមួយនៃចំណេះដឹង ដែលទទួលបានពីវគ្គសិក្សា ដែលជាចំណុចចាប់ផ្តើមដ៏មានអត្ថន័យ នៃអាជីពជាអ្នកបម្រើប្រជាពលរដ្ឋ ក្នុងនាមជាមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក៏ជាគ្រឹះដំបូង និងជាស្ពានសម្រាប់កសាងចំណេះដឹង ចំនេះធ្វើ និងអនាគតនៃអាជីពជាមន្ត្រីរាជការ ។
លោកបណ្ឌិតសភាចារ្យ បានគូសរំលេចជូនអង្គពិធី លើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ទី១. ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចាប់ផ្ដើមតាំងពីឆ្នាំ២០០៤ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី៤ ក្នុងគោលដៅគឺគណនេយ្យភាពសមិទ្ធកម្ម តាមរយៈការអនុវត្តអង្គភាពថវិកា និង ថវិកាព័ត៌មានសមិទ្ធកម្ម ព្រមជាមួយនឹងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដើម្បីធ្វើឌីជីថលូបនីយកម្ម លើការអនុវត្តថវិកា សំដៅធានាតម្លាភាព គណនេយ្យភាពនិងប្រសិទ្ធភាព ក្នុងការសម្រេចចិត្តឱ្យចំគោលដៅ និងទាន់ពេល។
ការណ៍នេះមានន័យថា សមិទ្ធផលដែលបានសម្រេចក្នុងដំណាក់កាលកន្លងមក មិនទាន់បិទបញ្ចប់ទាំងស្រុង នូវការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទេ ក៏ប៉ុន្តែទន្ទឹមនឹងការបន្តឈានទៅសម្រេចគោលដៅ “គណនេយ្យភាពសមិទ្ធកម្ម” ចាំបាច់ត្រូវបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ និងបង្កើនការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយថែមទៀត ក្នុងពេលដែលសិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរ និង ប្រគល់ទៅឱ្យអង្គភាពថវិកា នៃក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងន័យនេះ ការកសាងសមត្ថភាព ជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ គឺជាការងារចាំបាច់ដែលត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ជានិច្ច ។ ទី២. ពិភពលោកបច្ចុប្បន្ន ពោរពេញដោយភាពមិនប្រាកដប្រជា ដោយសារតែការរង្គោះរង្គើផ្នែកសេដ្ឋកិច្ច ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ការចុះខ្សោយនៃប្រព័ន្ធច្បាប់ និងសណ្ដាប់ធ្នាប់ពិភពលោក ការរីកចម្រើនឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និង ឌីជីថល និងការប្រែប្រួលអាកាសធាតុ។ ទី៣. ក្នុងបរិការណ៍ដែលកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាប្រឈម ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសការឈ្លានពានពីប្រទេសជិតខាង ដែលពោរពេញដោយមហិច្ឆតា និងមានកម្លាំងសេដ្ឋកិច្ចខ្លាំងជាង កម្ពុជាចាំបាច់ត្រូវបង្កើនសមត្ថភាព ក្នុងការជំរុញសម្ទុះអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែលឿន និងធំទូលាយថែមទៀត សំដៅប្រែក្លាយពីប្រទេសចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅជាប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
ទី៤. រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដាក់ការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ចកោណទី១ ក្នុងចំណោមអាទិភាពទាំង៥ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
ផ្អែកតាមស្មារតីច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ និង អនុក្រឹត្យលេខ៤៥ ស្ដីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តន៍ “កម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រ ផ្សារភ្ជាប់មុខតំណែង លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជូនមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២៣ មក សំដៅកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព៕







