ដោយៈ ចំណាន
ភ្នំពេញៈ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកឱម យ៉ិនទៀត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ រវាងអង្គភាពប្រឆាំងអំពើពុករលួយ និង សភាពាណិជ្ជកម្មកម្ពុជា។
កិច្ចពិភាក្សានេះក៏មានការចូលរួមផងដែរ ពីសំណាក់អនុប្រធាន និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា អនុប្រធាន និងមន្ត្រីពាក់ព័ន្ធនៃ អង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងដើម្បីពិនិត្យ ពិភាក្សាគ្នាទៅលើខ្លឹមសារនៃសេចក្តីព្រាង នៃអនុស្សរណៈនៃការយោគយល់គ្នារវាង អង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា និង សភាពាណិជ្ជកម្មកម្ពុជា ឱ្យបានលម្អិតមុននឹងឈានទៅដល់ការចុះ ហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់គ្នា នាពេលឆាប់ៗខាងមុខនេះ។
អនុស្សរណៈនៃយោគយល់គ្នានេះ គឺជាការបោះជំហ៊ានដ៏មានសារៈសំខាន់នៃការសហការ ប្រកបដោយភាពជិតស្និទ្ធរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងតួនាទី និងបង្ហាញពីភាពស្អាតស្អំ របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមស្ថាប័នតំណាងវិស័យឯកជន ដែលជាចក្រចេញចូលផ្លូវការតែមួយគត់ ដែលមានសមត្ថកិច្ចទទួលយក រាល់ពាក្យបណ្តឹងរបស់ ធុរជន និងអ្នកវិនិយោគ ដើម្បីបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាប្រឈម នានារបស់ធុរជន និងវិនិយោគិនទាំងក្នុង និងក្រៅស្រុកប្រកបដោយតម្លាភាព ធានារក្សាការសម្ងាត់ និងលុបបំបាត់ចំណាយក្រៅផ្លូវការ។
អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ពេលវេលានេះ ជាពេលដ៏សមស្របបំផុតក្នុងការចុះ MOU នេះ ដែលជាការស្នើសុំជាច្រើនពីសំណាក់ធុរជន វិនិយោគគិនទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជាអភិបាលកិច្ចល្អ ក្នុងការជួយគិតគូរ ជួយកែ ជួយជម្រុញ ដើម្បីស្តារ និងបង្កើនទំនុកចិត្តក្នុងន័យជំរុញឱ្យមានកំណើនសេដ្ឋកិច្ច តាមរយៈការចូលមកវិនិយោគបន្ថែមទៀត មកកាន់កម្ពុជា។ អ្នកឧកញ៉ាក៏បានស្នើសុំឱ្យមានគណៈកម្មការមួយ ក្នុងការត្រួតពិនិត្យនូវខ្លឹមសារនៃ MOUនេះ នឹងបង្កើតឱ្យមាននីតិវិធី អនុវត្តជាស្តង់ដារ (SOP) មួយក្នុងការអនុវត្តMOUនេះផងដែរ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ការចុះMOU របស់សភាពាណិជ្ជកម្មកម្ពុជា នេះគឺជាការបង្ហាញអំពីកិច្ចសហប្រតិបត្តិការគ្នាដោយចំហរ និងបានបង្ហាញអំពីឆន្ទះយ៉ាងស្មោះស្មគ្រ័ និងភាពស្អាតស្អំក្នុងនាមវិស័យ ឯកជនដែលតំណាងឱ្យធុរជន និងវិនិយោគគិនទាំងក្នុង និងក្រៅស្រុក។
លោកបានបន្ថែមថា “ក្តីកង្វល់របស់វិស័យឯកជន គឺជាកង្វល់រួម របស់ប្រទេសជាតិ ដែលទទួលបានការយកចិត្តទុកដាក់ យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល បើទោះបីជាមិនអាចទទួលបានការដោះស្រាយ បានភ្លាមៗ យ៉ាងហោចណាស់រដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលការណ៍ផ្សេងៗ ក្នុងគោលបំណងដោះស្រាយបញ្ហា របស់វិស័យឯកជន ជារួម”៕








