ដោយៈ ម៉ាណា
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំ “វេទិកាធុរកិច្ច និងនវានុវត្តន៍ឆ្នាំ២០២៦” ក្រោមប្រធានបទ “កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា” ក្នុងគោលបំណងចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងការវិវត្តនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ព្រមទាំងស្វែងរកកាលានុវត្តភាព និងដំណោះស្រាយថ្មីៗ ដើម្បីជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ធុរជន និងវិស័យឯកជនកម្ពុជា។
វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងឯកឧត្តមអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងមានការចូលរួមពី វាគ្មិនកិត្តិយស និងអ្នកជំនាញមកពីវិស័យសាធារណៈ និងឯកជន ព្រមទាំងធុរជន និងវិនិយោគិនក្នុងស្រុក និងបរទេសប្រមាណ ៥០០នាក់។
ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការរៀបចំវេទិកាឆ្នាំ២០២៦ គឺបន្តពីលទ្ធផល និងបទពិសោធន៍ដែលទទួលបានពីវេទិកាកាលពីឆ្នាំ២០២៥ ដើម្បីផ្តល់ឱកាសដល់ម្ចាស់អាជីវកម្ម និងវិនិយោគិន ក្នុងការទទួលបានព័ត៌មានថ្មីៗ និងស្វែងយល់អំពីការប្រែប្រួល នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសកល ព្រមទាំងបង្កើតលំហសម្រាប់ការផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍រវាងវិស័យសាធារណៈ និងឯកជន ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើនប្រសិទ្ធភាពក្នុងការនាំចេញ-នាំចូល។
ថ្លែងក្នុងពិធីបើកវេទិកា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានលើកឡើង អំពីបរិការណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកលកំពុងវិវត្តយ៉ាងឆាប់រហ័ស ដែលអាចនាំមកទាំងបញ្ហាប្រឈម និងកាលានុវត្តភាពថ្មីៗសម្រាប់វិស័យនាំចេញ-នាំចូលរបស់កម្ពុជា។
អ្នកឧកញ៉ាបានគូសបញ្ជាក់ថា “ភាពតានតឹងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងមហាអំណាច ការវិវត្តនៃគោលនយោបាយពន្ធគយសកល និងជម្លោះនៅតំបន់ជម្ឈិមបូព៌ា ព្រមទាំងការរំខានដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ ដែលទាំងនេះបង្ហាញថា កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មទីផ្សារ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងស្វែងរកកាលានុវត្តភាពនាំចេញទៅកាន់ទីផ្សារថ្មីៗ”។
អ្នកឧកញ៉ា គិត ម៉េង ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួបរួមគ្នារបស់វិស័យឯកជនជាសំឡេងតែមួយ ធ្វើការកាន់តែជិតស្និទជាមួយរាជរដ្ឋាភិបាល ក្នុងការកែទម្រង់ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើតបរិយាកាសធុរកិច្ចកាន់តែប្រសើរ បង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
អ្នកឧកញ៉ាប្រធានសង្ឃឹមថា វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៦ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ធុរជន វិនិយោគិន និងភាគីពាក់ព័ន្ធ រួមគ្នាពិភាក្សា កំណត់ និងស្វែងរកកាលានុវត្តភាពថ្មីៗ ព្រមទាំងចែករំលែកគំនិត និងបទពិសោធន៍ ដើម្បីពង្រឹងវិស័យនាំចេញ-នាំចូល បង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញការវិនិយោគនៅកម្ពុជា។
ក្នុងកម្មវិធីនេះដែរ អ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានធ្វើបទបាឋកថាស្តីពី “កាលានុវត្តភាពភស្តុភារកម្មកម្ពុជា” ដោយផ្តោតលើតួនាទី និងសក្តានុពលរបស់វិស័យនេះ ក្នុងការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។
ជាមួយគ្នានេះ វេទិកាក៏មានកិច្ចពិភាក្សាក្រោមប្រធានបទ “ការបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូន និងភស្តុភារកម្មសម្រាប់ភាពប្រកួតប្រជែងក្នុងពាណិជ្ជកម្មសកល” ដោយមានការចូលរួមពីវាគ្មិន និងអ្នកជំនាញមកពីវិស័យពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈអំពីការកែលម្អប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា៕








