ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បន្តអប់រំ និងផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស ដើម្បីលើកកម្ពស់ការយល់ដឹង និងការពារអ្នកប្រើប្រាស់។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តកណ្ដាល បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡា ចុះអប់រំ និងផ្សព្វផ្សាយនៅតាមសាលារៀនចំនួន ៤ រួមមាន៖ វិទ្យាល័យទួលអំពិល ខណ្ឌដង្កោ អនុវិទ្យាល័យទួលសុភី ស្រុកសំរោងទង សាលាពន្លឺវិជ្ជាអន្តរជាតិ (PIS) ក្រុងកំពង់ចាម អនុវិទ្យាល័យថ្មី ដែលសកម្មភាពនេះ មានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករក្នុងសាលា សរុបចំនួន ៤១០ នាក់។
ក្នុងវគ្គអប់រំ និងផ្សព្វផ្សាយនេះ មន្ត្រីជំនាញបានណែនាំអំពីវិធី ជ្រើសរើស ពិនិត្យ និងវាយតម្លៃផលិតផលម្ហូបអាហារ មុនពេលទិញ និងបរិភោគ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីអាហារូបត្ថម្ភ និងការជ្រើសរើសអាហារដែលមានគុណភាព និងសុវត្ថិភាពសម្រាប់ការបរិភោគប្រចាំថ្ងៃ។
ជាមួយគ្នានេះ ផ្ទាំងរូបភាពផ្សព្វផ្សាយអំពីសុវត្ថិភាព ម្ហូបអាហារ ចំនួន ៣៥៣ សន្លឹក ត្រូវបានចែកជូនដល់សិស្សានុសិស្ស ដើម្បីជួយពង្រឹងចំណេះដឹង និងផ្សព្វផ្សាយបន្តទៅកាន់ក្រុមគ្រួសារ និងសហគមន៍ ផងដែរ។
លើសពីនេះ មន្ត្រីជំនាញបានណែនាំដល់សិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់ និងកាត់បន្ថយការទទួលទានភេសជ្ជៈ ដែលមានជាតិស្ករខ្ពស់ ឬមានរសជាតិផ្អែមខ្លាំង ព្រមទាំងលើកទឹកចិត្តឱ្យជ្រើសរើសអាហារ និងភេសជ្ជៈដែលមានគុណភាព សុវត្ថិភាព និងសមស្របតាមតម្រូវការអាហារូបត្ថម្ភ។
ទន្ទឹមនឹងនេះ ក៏មានការផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដើម្បីបង្កើនការយល់ដឹង និងស្មារតីប្រុងប្រយ័ត្នរបស់យុវជន ព្រមទាំងជំរុញការចូលរួមរបស់សិស្សានុសិស្សក្នុងការទប់ស្កាត់ និងបង្ការការប្រើប្រាស់គ្រឿងញៀន នៅក្នុងសហគមន៍ផងដែរ។
ក្នុងករណីប្រទះឃើញ ឬសង្ស័យថា មានភាពមិនប្រក្រតីពាក់ព័ន្ធនឹង ផលិតផល ទំនិញ ឬសេវា ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់អាចផ្តល់ព័ត៌មានឬរាយការណ៍តាមរយៈ សេវាសាធារណៈក្រសួងពាណិជ្ជកម្មលេខ១២៦៦ និងCCF Complaint App ដែលអាចទាញយកតាមប្រព័ន្ធAndroid និង iOS ដើម្បីដាក់ពាក្យបណ្តឹង និងស្នើសុំកិច្ចអន្តរាគមន៍ពីអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការស្វែងរកដំណោះស្រាយស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕









