ដោយៈ ចំណាន
វៀតណាមៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចុះទស្សនកិច្ច មន្ទីរពេទ្យហុងឌុក (Hong Duc)។
ដំណើរទស្សនកិច្ចនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរបទពិសោធន៍ លើវិស័យសុខាភិបាលរវាងស្ថាប័នទាំងពីរ។
ក្នុងជំនួបនាឱកាសនោះ លោកវេជ្ជបណ្ឌិត Nguyen Huynh Dang Khoa អនុប្រធាន និងជាប្រធានប្រតិបត្តិមន្ទីរពេទ្យហុងឌុក បាន ជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អំពីប្រវត្តិ និងសេវាកម្មរបស់មន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មន្ទីរពេទ្យហុងឌុកគឺជាមន្ទីរពេទ្យឯកជនដំបូងគេបង្អស់ នៅប្រទេសវៀតណាម ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០០ ក្នុងគោលបំណងរួមចំណែក ក្នុងការជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យរដ្ឋ។
បច្ចុប្បន្ន មន្ទីរពេទ្យនេះមាន មហាវិទ្យាល័យវេជ្ជសាស្ត្រ សេវាកម្មថែទាំសុខភាពដល់ផ្ទះ សេវាកម្មថែទាំមនុស្សចាស់ មូលនិធិសុខាភិបាល ជាពិសេស លោកវេជ្ជបណ្ឌិតក៏បានបង្ហាញបំណងប្រាថ្នា ក្នុងការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា តាមរយៈការផ្តល់ជូននូវ សេវាពិនិត្យរោគវិនិច្ឆ័យ ជំងឺមហារីកដោយឥតគិតថ្លៃ ជូនដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជាចំនួន៥០០នាក់។
ជាការឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវេជ្ជបណ្ឌិត ង្វៀន ហុយ ដាង ខូ និងថ្នាក់ដឹកនាំមន្ទីរពេទ្យហុងឌុក ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា។
អ្នកឧកញ៉ាបានគូសបញ្ជាក់ពីការរីកចម្រើន និងការវិវត្តយ៉ាងវិជ្ជមាននៃវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបានអញ្ជើញលោកវេជ្ជបណ្ឌិត និងគណៈប្រតិបត្តិមន្ទីរពេទ្យ បំពេញទស្សនកិច្ច្ច នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។
ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានថ្លែងអំណរគុណផងដែរ ចំពោះមន្ទីរពេទ្យ ដែលបានផ្តល់សេវាពិនិត្យ ដោយឥតគិតថ្លៃជូនដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជា។
ភាគីទាំងពីរ បានឯកភាពគ្នាសិក្សាលទ្ធភាព ដើម្បីឆ្ពោះទៅ ការចុះអនុស្សរណៈយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល៕








