“តួនាទីយុវវ័យ​ក្នុង​ការ​រួមចំណែក​ ការពារ​ ថែ​រក្សា​វប្បធម៌​ប្រពៃណី​ដូនតា​”

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ប្រពៃណីដូនតា”។

សិក្ខាសាលានេះធ្វើឡើង ដើម្បីបញ្រ្ជាបចំណេះដឹងមួយចំនួនដូចជា ទី១. ដាស់តឿន និងលើកកម្ពស់ការយល់ដឹង គឺបណ្តុះស្មារតីស្រឡាញ់ ស្គាល់តម្លៃ និងមោទនភាពជាតិ ចំពោះ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដល់ស្រទាប់យុវវ័យ។ ទី២. បង្កើតកិច្ចពិភាក្សាគឺផ្តល់ឱកាសឱ្យយុវជនបានជួបជុំ ផ្លាស់ប្តូរមតិយោបល់ ទស្សនផ្ទាល់ខ្លួន និងរៀន សូត្រ បន្ថែមពីវាគ្មិនអំពីយុទ្ធសាស្ត្ររួមគ្នាក្នុងការការពារវប្បធម៌ជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. ជំរុញការចូលរួមរបស់យុវវ័ យក្នុងយុគសម័យឌីជីថលគឺលើកទឹកចិត្តយុវជន ដែលជាសសរទ្រទ្រង់ជាតិ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបណ្តាញសង្គមក្នុងផ្លូវវិជ្ជមាន ដើម្បីផ្សព្វផ្សាយ និងការពារវប្បធម៌ ជាតិ ឱ្យបានគង់វង្ស និងអភិវឌ្ឍបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោកជំទាវ រដ្ឋលេខាធិការ បានរំលេចអំពីព្រឹត្តិការណ៍សង្គ្រាមកាលពីឆ្នាំមុន ដែលប្រទេសជិតខាងបានឈ្លាន​ពានទឹកដីកម្ពុជា ដោយបានផ្តាំផ្ញើដល់ក្មួយៗយុវជនទាំងអស់ ត្រូវចងចាំប្រវត្តិសាស្ត្រទាំងនោះឱ្យបានច្បាស់ ហើយប្រែក្លាយភាពឈឺចាប់ឱ្យទៅជាកម្លាំងចិត្ត ហើយរួមគ្នាថែរក្សា ការពារមរតកវប្បធម៌ទាំងនោះឱ្យបានគង់វង្សស្ថិតស្ថេរជានិរន្តរ៍។

លោកជំទាវបានបញ្ជាក់ថា “ការរៀបចំសិក្ខាសាលានេះឡើង គឺពិតជាបានឆ្លើយតបចំទិសដៅទៅ និងសេចក្តីត្រូវការរបស់ក្មួយៗយុវជន យុវនារី ដែលជាកុលបុត្រកុលធីតាខ្មែរ ប្រកបដោយសក្តានុពល និងជាទំពាំងស្នងឫស្សីយ៉ាងរឹងមាំសម្រាប់ជាតិ”។

លោកជំទាវបន្តថា យុវជនគឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ព្រមទាំងកិច្ចប្រតិបត្តិផ្សេងៗរបស់ដូនតា ដែលជាអត្តសញ្ញាណជាតិដ៏ឧត្តុង្គឧត្តម និងរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិដោយក្តីមោទនភាព។

លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា “មរតកវប្បធម៌ជាតិអាចនៅគង់វង្សបាន គឺត្រូវពឹងអាស្រ័យលើក្មួយៗ ចៅៗទាំងអស់គ្នានេះហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here