លោក​ជា ចាន់តូ អះអាងថា វិស័យ​ធនាគារ​នៅ​កម្ពុជា​នៅ​រក្សាបាន​ស្ថិរភាព​រឹងមាំ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានបញ្ជាក់​សាជាថ្មី​ថា វិស័យ​ធនាគារ​មាន​ស្ថិរ​ភាពរឹងមាំ និង​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ មកលើ​អាជីវកម្ម​និង​ប្រជាជន​ក្រីក្រ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

លោក​ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បានលើកឡើង​នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ អំឡុងពេល​ធនា​សន្និបាត​បូកសរុប​លទ្ធផល ការងារ​ប្រចាំឆ្នាំ២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ២០២១ នៅ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា សែន​សុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែងថា “សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ២០២០ បាន​ទទួលរង​ការធ្លាក់ចុះ​អវិជ្ជមាន​ជា​លើកដំបូង ក្នុង​រយ:ពេល​ជាង២ទសវត្សរ៍​ចុងក្រោយ ដែលជា​ចម្បង​ដោយសារ ការធ្លាក់ចុះ​វិស័យ​ទេសចរណ៍ ការនាំចេញ​ផលិតផល​កាត់ដេរ និង​វិស័យ​សំណង់” ។ លោក​បន្តថា “ទោះ​ស្ថិតក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ-១៩ វិស័យ​ធនាគារ​មាន​ស្ថិរ​ភាពរឹងមាំ និង​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ​មកលើ​អាជីវកម្ម​និង​ប្រជាជន​ក្រីក្រ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល” ។

ជាមួយគ្នានេះ កម្ពុជា​នៅតែ​អាច​សម្រេចបាន​នូវ​ស្ថិរភាព​ថ្លៃ និង​អត្រា​ប្តូរប្រាក់ ហើយ​ទុនបម្រុង​អន្តរជាតិ ត្រូវបាន​គរ​ពូន​ជា​លំដាប់ និង​មាន​កម្រិត​ខ្ពស់ជាង៣ដង នៃ​កម្រិត​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន។

ដើម្បី​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់ នៃ​ការធ្លាក់ចុះ​និង​បញ្ហា​ប្រឈម ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​គាំទ្រ​មួយចំនួន ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុងនោះ​រួមមាន ការរៀបចំ​ឥណទាន​ឡើងវិញ ដែល​បាន​ដាក់ឱ្យអនុវត្ត​កាលពី​ខែមីនា ឆ្នាំ២០២០កន្លងមក និង​បន្ត​អនុវត្ត​ដល់​ដំណាច់ខែ​មិថុនា ឆ្នាំ២០២១នេះ។

លោក​ជា ចាន់តូ បាន​បន្តថា ការរៀបចំ​ឥណទាន​ឡើងវិញ ត្រូវបាន​អនុញ្ញាត​រហូត​ដល់​ទៅ​បី​ដង ដោយ​មិនមាន​ប៉ះពាល់​ដល់ ចំណាត់ថ្នាក់​ឥណទាន​នោះទេ។ បទ​ប្បញ្ញត្តិ​បន្ថែម​រួមមាន៖ ការកាត់បន្ថយ​អត្រា​ការប្រាក់ និង​ការលើកលែង​ថ្លៃ​សេវា​ជាដើម។ ការដាក់ចេញ​នេះ បានធ្វើឱ្យ​ឥណទាន​មិន​ដំណើរការ​ស្ថិតក្នុង​កម្រិត​ទាប ២,៥% ។

ប្រទេស​កម្ពុជា ក៏បាន​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ឌីជីថល។ ធនាគារជាតិ​នៃ​កម្ពុជា បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បាគង កាលពី​ខែតុលា ឆ្នាំ២០២០ ដែល​បានរួម​ចំណែក លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដោយសារ​មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​បើកប្រាក់​បៀវត្សរ៍ ជូន​បុគ្គលិក​របស់ខ្លួន​ជា​សាច់ប្រាក់​នៅឡើយ។

ប្រព័ន្ធ​បាគង​ត្រូវបាន​បង្កើតឡើង ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេន និង​អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​បាន ទាំង​ជា​ប្រាក់រៀល​និង​ប្រាក់​ដុល្លារ​អាមេរិក តាមរយៈ​ទូរស័ព្ទដៃ ដោយ​អ្នកប្រើប្រាស់​អាច​ស្កេ​ន​លេខ​កូដ ឬ​វាយ​បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នកទទួល​ប្រាក់។ ប្រព័ន្ធ​បាគង​មាន​សមាជិក​ប្រមាណ២០ធនាគារ។

ម្យ៉ាងទៀត រូបិយវត្ថុ​ជាតិ​ក៏ត្រូវ​បាន​ជំរុញ ឱ្យប្រើ​ប្រាស់​យ៉ាង​ខ្លាំងក្លា​ផងដែរ សំដៅ​ជំរុញ​កំណើន​ប្រកបដោយ​ចីរភាព និង​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ជាពិសេស​កាត់បន្ថយ​ការពឹងផ្អែក លើ​ប្រាក់​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន​ការទូទាត់​ដែលមាន​ទឹកប្រាក់​តិចជាង១០០ដុល្លារ​អាមេរិក ត្រូវបានធ្វើ​ឡើងជា​ប្រាក់រៀល ខណៈដែល​ការប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក ដែលមាន​ទំហំ​ទឹកប្រាក់​តូច​បាន​ថយចុះ​ជាបណ្តើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here