ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិនិត្យលើកិច្ចសន្យាសាងសង់អគាររដ្ឋបាលខេត្តព្រះសីហនុថ្មី។
កិច្ចប្រជុំនេះដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំពិនិត្យ និង សម្រេចលើកិច្ចសន្យាសាងសង់បញ្ចប់ “អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី”។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង តំណាងរដ្ឋបាលខេត្តព្រះសីហនុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ អគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន តំណាងក្រុមហ៊ុន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល លើសេចក្តីព្រាងកិច្ចសន្យាថ្មី ដែលបានកែសម្រួល ដើម្បីធានាអនុលោមភាពតាមនីតិវិធីលទ្ធកម្ម ព្រមទាំងពិនិត្យលទ្ធភាព ក្នុងការអនុគ្រោះពន្ធកាត់ទុកជាបន្ទុករបស់រដ្ឋ ។
កិច្ចការនេះ ត្រូវបានធ្វើឡើងក្នុងគោលដៅ ជួយសម្រាលបន្ទុកចំណាយ និងជំរុញពន្លឿនការដោះស្រាយបញ្ហាអគារជាប់គាំង ឱ្យលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗ៕










