ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីប្រតិភូបារាំងអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ លោក Nicolas Forissier មានសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង នឹងកាន់តែមានភាពល្អប្រសើរ ជាពិសេសទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងការវិនិយោគពីសំណាក់វិនិយោគិនបារាំងក្នុងប្រទេសកម្ពុជា។
លោក Nicolas Forissier បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងបារាំង-កម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។ ដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយនៃការត្រៀមលក្ខណៈ សម្រាប់ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron មកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅខែវិច្ឆិកា ខាងមុខផងដែរ។
ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំនៅស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក Nicolas Forissier បាននិយាយថា បារាំងពិតជាចង់ឃើញវិនិយោគិនខ្លួនពង្រីកការវិនិយោគផ្ទាល់ នៅប្រទេសកម្ពុជាច្រើនបន្ថែមទៀត ខណៈគិតត្រឹមដំណាច់ឆ្នាំ២០២៤ ការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាមានទឹកប្រាក់ប្រមាណ៦៩២លានដុល្លារ។
លោកអះអាងថា “រូបខ្ញុំផ្ទាល់នឹងខិតខំជួយជំរុញវិនិយោគិនបារាំងឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនថែមទៀតតាមរយៈសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា”។
រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី(Francophonie Summit) លើកទី២០ ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះនឹងមានវត្តមានរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមប្រទេសនិយាយភាសាបារាំងជាច្រើនទៀត។
លោក Nicolas Forissier បានថ្លែងថា តាមរយៈកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ យើងរំពឹងថានឹងអាចទាក់ទាញវិនិយោគិនបារាំង ឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាបន្ថែមទៀត។
លោក Nicolas Forissier បានបន្តថា នៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនបារាំងជាង២០០ កំពុងធ្វើប្រតិបត្តិការ ដោយរួមមានក្នុងវិស័យជាច្រើនដូចជា ថាមពល ដឹកជញ្ជូន គ្រប់គ្រងអាកាសយានដ្ឋាន ហិរញ្ញវត្ថុ សុខាភិបាល និងសំណង់ជាដើម។
បន្ថែមលើនេះលោក Nicolas Forissier ក៏បាននិយាយថា លោកសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍បារាំង នឹងធ្វើការសិក្សាពីលទ្ធភាព ក្នុងការបើកជើងហោះហើរផ្ទាល់ មកប្រទេសកម្ពុជានៅពេលខាងមុខផងដែរ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារាំង មានទឹកប្រាក់សរុប៣២២,៨៣លានដុល្លារ កើនឡើង ១២,៩% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ក្នុងនោះទំនិញកម្ពុជានាំទៅបារាំង២៥៩,១១ លានដុល្លារ កើនឡើង១៣,៥%។ ចំណែកបារាំងនាំមកវិញ៦៣,៧២ លានដុល្លារ កើនឡើង ១០,៥%។ បារាំង គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី១៦ របស់កម្ពុជា។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា ថៃ លោក Nicolas Forissier បានប្រាប់ថា បារាំងអាចជួយផ្តល់ឯកសារសំខាន់ៗ ដែលមានការពាក់ព័ន្ធក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ប៉ុន្ដែបារាំងនឹងមិនលូកលាន់ ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរឡើយ។
លោកបញ្ជាក់ថា “បារាំងពិតជាចង់ឃើញប្រទេសទាំង២ មានសន្តិភាពជាមួយគ្នាឡើងវិញ”៕









