ខេត្តសៀមរាប​ឈានមុខ​លើការ​លើក​កម្ពស់​ការ​ផ្គត់ផ្គង់​ទឹកស្អាត ​និង​អនាម័យ​ក្រោម​ឥណទាន​របស់​ធនាគារ​ពិភពលោក

ដោយៈ ចំណាន

    សៀមរាមៈ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្រោមឥណទានសម្បទាន របស់ធនាគារពិភពលោក(WB) នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ៩០,៣៤​%ហើយ។

ព័ត៌មាននេះត្រូវបានបង្ហាញក្នុងឱកាស លោក​រស់ វណ្ណារដ្ឋលេ​ខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង អមដំណើរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារពិភពលោក(WB) ដឹកនាំដោយលោក Guangzhe Chen (Vice President for Planet) អមដំណើរដោយលោកស្រី Julia Fraser (ប្រធានតំណាងប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិច) ដើម្បីចុះពិនិត្យវឌ្ឍនភាពការងាររបស់គម្រោង លើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្រោមឥណទានសម្បទាន របស់ធនាគារពិភពលោកនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីចុះពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ (WaSSIP​) ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

បណ្តាញលូខ្នែង ខ្នែងរង ប្រវែងប្រមាណ៥៥,២៥គីឡូម៉ែត្រ ត្រូវបានសាងសង់រួច ដែលស្មើនឹង៩២,០៨% នៃគោលដៅប្រវែង៦០ គីឡូម៉ែត្រ តាមរយៈអនុគម្រោង MPWT-CW-1A ៖ ការងារសាងសង់បណ្តាញលូខ្នែង ខ្នែងរង និងតំណភ្ជាប់តាមផ្ទះមានប្រវែង ២៨,២៣៦គ.ម អនុគម្រោង MPWT-CW-3 ៖ ការងារស្ដារធ្វើឱ្យប្រសើរឡើងវិញស្ថានីយបូមទាំងបីទីតាំង (វត្តចក សាលាកន្សែង និងជន្លង់)។

អនុគម្រោង MPWT-CW-4 ៖ ការងារស្ដារធ្វើឱ្យប្រសើរឡើងវិញស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សំបួរ។ អនុគម្រោងMPWT-CW-6A ៖ ការងារសាងសង់បណ្តាញលូខ្នែង និងខ្នែងរងមានប្រវែង ១៧,៥៧៧គ.ម តំណភ្ជាប់តាមផ្ទះ និងសាងសង់ស្ថានីយបូមថ្មីចំនួនពីរទីតាំង និងអនុគម្រោង MPWT-CW-9 ៖ ការងារសាងសង់បណ្តាញលូខ្នែង និងខ្នែងរងមានប្រវែង៦,៥០គ.ម និងតំណភ្ជាប់តាមផ្ទះ ចំនួន៤៦៧តំណ នៅក្រុងសៀមរាប ខេត្តសៀមរាប។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្រមា​ណ២២,៧០៧នាក់ ដែលស្មើនឹង៩៨.៧៣% នៃគោលដៅរបស់គម្រោងចំនួន២៣,០០០នាក់ ដែលស្ត្រីមានប្រមាណ១១,១៣០នាក់ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ១៩៥នាក់ ជាប្រជាពលរដ្ឋស្ថិតក្នុងស្ថានភាពក្រីក្រ (ID-poor 1 និង ID-poor 2) និងប្រជាពលរដ្ឋចំនួន២៦៨នាក់ ជាប្រជាពលរដ្ឋស្ថិត ក្នុងស្ថានភាពមានពិការភាព និងស្ត្រីមេម៉ាយ បានទទួលសេវាអនាម័យ តាមរយៈការតភ្ជាប់ទៅប្រព័ន្ធលូទឹកកខ្វក់ក្នុងគម្រោងដោយឥតគិតថ្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here