ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុនហិរញ្ញវត្ថុ (ធនាគារ) ជាច្រើន បាននិងកំពុងពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ដោយផ្តល់សេវាហិរញ្ញវត្ថុខុសៗគ្នាដល់អតិថិជន ខណៈធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅតែមានឱកាសជាច្រើន ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុនៅកម្ពុជា ព្រោះកម្ពុជាមិនទាន់មានការអភិវឌ្ឍវិស័យហិរញ្ញវត្ថុគ្រប់គ្រាន់នៅឡើយ។
វិស័យធនាគារនៅកម្ពុជា នៅតែបន្តមានវឌ្ឍនភាព ប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្ម គាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលធ្វើឱ្យមានកំណើនវិនិយោគក្នុងការបង្កើតធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេស។
កម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រួមមាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេសចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៦ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៤៦ រហូតមកដល់បច្ចុប្បន្ននេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។
បណ្តាញប្រតិបត្តិការ និងសេវាហិរញ្ញវត្ថុបានអភិវឌ្ឍជាបន្តបន្ទាប់ ដោយចំនួនទីស្នាក់ការ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅទូទាំងប្រទេសបានកើនដល់២.៤៦៥ ហើយម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) មានចំនួន៣,០៨១ គណនីប្រាក់បញ្ញើអតិថិជន កើនដល់៨.២លានគណនី និងគណនីឥណទានកើនដល់៣.២ លានគណនី។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការត្រួតពិនិត្យសុខមាលភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ។ ជាលទ្ធផលវិស័យធនាគារ និងហិរញ្ញវត្ថុស្ថិតក្នុងស្ថានភាពល្អ។
ការឆ្លើយតបនឹងវិបត្តិបច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបន្ធូរបន្ថយ និងបញ្ចុះអត្រាការប្រាក់កម្ចីទាប ដល់អ្នកប្រើប្រាស់កម្ចី ដើម្បីឆ្លើយតបនឹងវិបត្តិ ដែលកំពុងកើតមាន។
ការពន្យាដើមទុនត្រនប់ បន្ធូរបន្ថយទុនបម្រុង ហើយក្រសួងសេដ្ឋកិច្ច តាមរយៈអគ្គនាយកពន្ធដារ បានបន្ធូរបន្ថយលើពន្ធកាត់ទុកលើប្រាក់កម្ចីពីបរទេស ធ្វើឱ្យប្រភពទុនក្នុងស្រុកសម្បូរ ដែលអាចយកមកប្រើប្រាស់បាន ហើយកំណើនក្នុងវិស័យឥណទានក៏មិនសូវខ្ពស់ដែរ ដោយសារអាជីវកម្មច្រើនរងផលប៉ះពាល់ ដោយសារកូវីដ១៩ ។
ដូច្នេះហើយ បានជាគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចុះអត្រាការប្រាក់កម្ចីទាបមែនទែន យើងនិយាយជាទូទៅ ទាបក្រោម៧ភាគរយទៀត ធ្វើឱ្យមានការប្រកួតប្រជែងក្នុងតម្លៃ (price competition) ដូច្នេះហើយផលប្រយោជន៍នឹងបានទៅអ្នកប្រើប្រាស់កម្ចីពីប្រកួតប្រជែងនេះ ដូចជាប្រភពទុនដែលមានអត្រាការប្រាក់ទាប ហើយអ្នកប្រើប្រាស់កម្ចីអាចប្រើប្រាស់បានរយៈពេលវែង។
ធនាគារ និងគ្រឹស្ថានហិរញ្ញវត្ថុ ក៏មានការយោគយល់ សម្រាប់ការរួមរស់រីកចម្រើនជាមួយនឹងអតិថិជន។ ស្របពេលដែល រាជរដ្ឋាភិបាលបានបន្ធូរបន្ថយអនុបាតខ្លះ ដើម្បីឱ្យមានប្រភពទុនទូលំទូលាយ ហើយធនាគារធ្វើជាមួយអាតិថិជនយូរអង្វែង ហើយធនាគារផ្ទាល់ ក៏បានបន្ធូរបន្ថយដែរ ដោយបន្ធូរបន្ថយទាំងអត្រាការប្រាក់កម្ចី និងរយៈពេលសងដើម្បីឱ្យអតិថិជនមានពេលគ្រប់គ្រាន់ក្នុងការយកមូលនិធិនេះទៅប្រើប្រាស់ឱ្យបានយូរអង្វែងសម្រាប់គ្រប់វិស័យទាំងអស់។
ជាទូទៅនៅពេលចលនាសេដ្ឋកិច្ចខ្លាំង មូលនិធិរបស់គាត់យកទៅវិនិយោគអស់ហើយ ប៉ុន្តែពេលមានចលនាសេដ្ឋកិច្ចតិច គាត់យកមូលនិធិមកផ្ញើនៅធនាគារធ្វើឱ្យប្រភពទុននៅស្រុកមានច្រើន ដូចជាប្រាក់សន្សំដែលមានកាលកំណត់។
ថ្វីត្បិតតែមានប្រភពទុនក្នុងស្រុកក៏ដោយ ក៏យើងទៅតែយកពីបរទេស ដែលកម្ចីពីបរទេសមានរយៈពេលរហូតទៅ ៥ ទៅ៧ឆ្នាំ ដើម្បីយកមកឆ្លើយតបជាមួយនឹងតម្រូវឥណទានរបស់ SME ដែលគាត់ត្រូវការ៥ ទៅ៧ឆ្នាំដែរ ដើម្បីជៀសវាងអតុល្យភាពនៃមូលនិធិ ដូច្នេះបានជាយើងយកមកពីក្រៅមកបន្ថែម។
ក្នុងប្រភពទុន ដែលប្រើប្រាស់ក្នុងវិស័យធនាគារ១៥ភាគរយ បានមកពីដើមទុនរបស់ខ្លួនឯង១៥ ភាគរយទៀតបានមកកម្ចីពីបរទេស ៧០ភាគរយគឺបានមកពីប្រាក់បញ្ញើសន្សំ។
ប្រទេសកម្ពុជាគឺជាចំណែកមួយនៃសេដ្ឋកិច្ចសកល។ បើសិនសេដ្ឋកិច្ចសកលមានផលប៉ះពាល់យូរ យើងក៏ដូចគ្នាដែរ។ អាជ្ញាធរ សំដៅទៅធនាគារជាតិ និងក្រសួងពាក់ព័ន្ធ ដឹងពីស្ថានភាពដូចគ្នា ហើយកំណើនសេដ្ឋកិច្ចវិលមករកភាពធម្មតាបន្តិចម្តងៗ ដូច្នេះការណ៍ដែលយើងសម្រួលដល់អតិថិជនគឺមានរយៈពេលវែងដូចគ្នា ដើម្បីឱ្យអតិថិជនមានពេលគ្រប់គ្រាន់។
អ្នកប្រតិបត្តិក្នុងវិស័យនេះ បានលើកឡើងថា ឧទាហរណ៍ ឥណទានយើងឱ្យគាត់មានរយៈពេលវែង៧ឆ្នាំ ហើយដល់ពេលស្ថានភាពស្រួលឡើងវិញ យើងមិនសុំឱ្យអតិថិជនសងក្នុងរយៈពេល៥ឆ្នាំនោះទេ។ យើងនៅតែរក្សាកិច្ចសន្យាជាមួយពួកគាត់ដដែល អត្រាប្រាក់ដូចគ្នាចឹងដែរ កាលយើងព្រមព្រៀងគ្នាក្នុងរយៈពេល ៧ឆ្នាំ គឺយើងអត់កែមកវិញនោះទេ។ យើងរួមរស់រីកចម្រើនចម្រើនជាមួយអតិថិរបស់យើង។
ចំពោះអាជីវករខ្នាតតូចក្នុងស្រុកមានភាពល្អប្រសើរជាងមុនដែរ។ តែយ៉ាងណាក្តី ផលប៉ះពាល់ពីកូវីដ១៩ នៅតែមានសម្រាប់វិស័យមួយចំនួនដែលមិនទាន់អាចស្តារឡើងវិញបាននៅឡើយទេ ទោះបីជាបញ្ហាកូវីដ១៩មានភាពធូរស្បើយក្តី។
សម្រាប់ឆ្នាំ២០២១ទាំងមូល វិស័យហិរញ្ញវត្ថុក្នុងស្រុកនៅតែមានបង្ហាញវិជ្ជមាន ថ្វីត្បិតតែជួបការលំបាកជួបប្រទះក៏ដោយ ហើយដោយសារប្រទេសកម្ពុជា រដ្ឋាភិបាលបានគ្រប់គ្រងបញ្ហាកូវីដ១៩បានល្អប្រសើរ មិនមានការបិទប្រទេស ឬមួយក៏ត្រឡប់ដើរវិញ ហើយប្រជាជនយើងក៏នៅតែប្រកបរបរ ធ្វើដំណើរធម្មតា៕