The Banker: លោកជា ចាន់តូជា អ្នកគ្រប់គ្រងធនាគារកណ្តាលឆ្នើមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

ដោយ: សាវុធ

ភ្នំពេញ៖ ស្ថាប័ន The Banker ដែលជាស្ថាប័នផ្តល់ព័ត៌មានធនាគារជុំវិញពិភពលោករបស់អាមេរិក បានប្រកាសផ្តល់ពានរង្វាន់ធនាគារកណ្តាលប្រចាំឆ្នាំ២០២១ ជូនមន្ត្រីធនាគារកណ្តាលប្រចាំតំបន់ ដែលគ្រប់គ្រងបានល្អបំផុត ដើម្បីជំរុញកំណើន និងស្ថេរភាពសេដ្ឋកិច្ចរបស់ពួកគេ ខណៈលោកជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជាក៏ទទួលបានពានរង្វាន់អ្នកគ្រប់គ្រងធនាគារកណ្តាលឆ្នើមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

យោងតាមការចេញផ្សាយគេហទំព័រ The Banker កាលថ្មីៗនេះបានឱ្យដឹងថា ក្រោមការគ្រប់គ្រងរបស់លោកជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជា បានធ្វើការបញ្ជៀសវិស័យធនាគារពីវិបត្តិនៅឆ្នាំ២០២០ បានយ៉ាងជោគជ័យ។

វិបត្តិសុខាភិបាល ដែលត្រូវបានបង្កើតឡើង ដោយជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងបានយ៉ាងល្អ ដោយមានករណីឆ្លងតិចជាង៤០០ករណី និងគ្មានអ្នកស្លាប់ គិតត្រឹមខែធ្នូ ឆ្នាំ២០២០។ ទោះយ៉ាងណាប្រទេសកម្ពុជា ក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងពីប្រាក់ចំណូលពីវិស័យទេសចរណ៍ ហើយរងគ្រោះ ដោយទឹកជំនន់ ដែលប៉ះពាល់ដល់ប្រជាជនប្រមាណ៥លាននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាមានលក្ខខណ្ឌទាំងនេះ ក៏ដោយក៏ប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងមានការកើនឡើង ១,៩% នៃផលិតផលក្នុងស្រុកសរុបក្នុងកំឡុងឆ្នាំ២០២០ ដែលជាកំណើនគួរឱ្យកត់សម្គាល់មួយ ប៉ុន្តែយើងត្រូវពិចារណាលើភាពលំបាក ដែលប្រទេសនេះបានប្រឈម។

បន្ទាប់ពីជំងឺកូវីដ១៩ និងទឹកជំនន់បានជះឥទ្ធិពលដល់ធុរកិច្ច ធនាគារកណ្តាលបានបង្កើនការជួយដល់ក្រុមហ៊ុន ដែលជួបនឹងបញ្ហាហិរញ្ញវត្ថុ។ ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងដល់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថា វិធានការណ៍រៀបចំរចនាសម្ព័ន្ធឥណទានឡើងវិញ ដែលបានដាក់ចេញនៅខែមីនា ឆ្នាំ២០២០ នឹងបន្តរហូតដល់ចុងខែមិថុនា ឆ្នាំ២០២១។ បទប្បញ្ញត្តិបន្ថែមរួមមានការកាត់បន្ថយអត្រាការប្រាក់ និងលើកលែងថ្លៃសេវា។ វិធានការនេះបានជួយឱ្យ អត្រាប្រាក់កម្ចីមិនដំណើរការរបស់ប្រទេសនៅ តែទាបត្រឹមកម្រិត២,៥%។

ប្រទេសកម្ពុជាបានបន្តដើរទៅមុខជាមួយនឹងការលើកកម្ពស់ធនាគារឌីជីថល។ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវរូបិយប័ណ្ណឌីជីថល “បាគង” នៅខែតុលា ឆ្នាំ២០២០ ដើម្បីជួយលើកកម្ពស់បរិយាប័នហិរញ្ញវត្ថុ ព្រោះក្រុមហ៊ុនជាច្រើននៅតែបើកជាសាច់ប្រាក់ខែឱ្យបុគ្គលិក។ រូបិយប័ណ្ណនៅកម្ពុជាអាចធ្វើការប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល។ ប្រតិបត្តិការ ត្រូវបានធ្វើឡើងតាមរយៈកម្មវិធីបាគង ដោយអ្នកប្រើប្រាស់ស្កេនលេខកូដ ឬបញ្ចូលលេខទូរស័ព្ទរបស់អ្នកទទួល ដោយរាល់ប្រតិបត្តិការទាំងអស់ត្រូវបានប្រើដោយបច្ចេកវិទ្យា blockchain។ ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកចំនួន២០បានចូលរួមជាមួយគម្រោងបាគងនេះ។

លោកជា ចាន់តូបានអំពាវនាវឱ្យប្រើប្រាស់ប្រាក់រៀលកម្ពុជាកាន់តែច្រើន ដោយបញ្ជាក់ថា វានឹងជាមធ្យោបាយមួយ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព និងអភិវឌ្ឍប្រព័ន្ធធនាគារ ដែលមានប្រសិទ្ធិភាព ក្រៅពីការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here