ដោយៈគង់ លាងហួរ
អន្តរជាតិៈ ក្រុមហ៊ុនផលិតឱសថម៉ាឡេស៊ី Pharmaniaga បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Sinovac របស់ចិន ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ បន្ទាប់មកខ្លួននឹងត្រៀមផលិតវ៉ាក់សាំងក្នុងស្រុក ពីការទទួលបានបច្ចេកទេស នៃការផលិតវ៉ាក់ពីក្រុមហ៊ុនមួយនេះ។
ក្រុមហ៊ុន Pharmaniaga បានឱ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ថា ខ្លួននឹងអនុវត្តន៍ការចាក់វ៉ាក់សាំងនៅប្រទេសម៉ាឡេស៊ី ហើយនឹងផលិតវ៉ាក់សាំងក្នុងស្រុក ក្រោយពីទទួលបានអាជ្ញាប័ណ្ណពីក្រុមហ៊ុន Sinovac។
ក្រុមហ៊ុននេះបានឱ្យដឹងទៀតថា “ការណ៍នេះក៏នឹងជួយក្រុមហ៊ុន Pharmaniaga ក្នុងភាពជាដៃគូយូរអង្វែង ជាមួយក្រុមហ៊ុនSinovac ក្នុងការទទួលបានបច្ចេកវិទ្យាផលិតវ៉ាក់សាំងនៅក្នុងប្រទេសម៉ាឡេស៊ី” ។
ប្រទេសម៉ាឡេស៊ីបានពិភាក្សាជាមួយចិន ក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ២៣,៩លានដុសពីក្រុមហ៊ុន Sinovac និងក្រុមហ៊ុន CanSino Biologics ខណៈម៉ាឡេស៊ី ក៏បានពិភាក្សារជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់រុស្ស៊ី ដែលផលិតវ៉ាក់សាំង Sputnik V ដើម្បីបង្ការជំងឺកូវីដ១៩ ។
ជាមួយគ្នានេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏បានពិភាក្សាជាមួយក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ Pfizer និង BioNTech ក៏ដូចជាក្រុមហ៊ុន AstraZenecaផងដែរ ដើម្បីត្រៀមទទួលបានវ៉ាក់សាំង ក្នុងការការពារជំងឺកូវីដ១៩ ៕ CNA៕