តម្លៃ​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​បាន​ធ្លាក់ចុះ ខណៈ​គំរោង​កាន់តែច្រើន​បានបញ្ចប់ និង​ដាក់​ដំណើរការ

ដោយៈ ម៉ា ណេ​ត

ភ្នំពេញៈ តម្លៃ​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ធ្លាក់ចុះ​ជា​លើកដំបូង ខណៈ​គម្រោង​ខុន​ដូ​ជាច្រើន​បានបញ្ចប់​ការសាងសង់ និង​បើក​ដំណើរការ​នៅ​ភ្នំពេញ ខណៈ​តម្លៃ​ខុន​ដូ​បាននិងកំពុង​ធ្លាក់ចុះ ដែលជា​ឱកាស​សម្រាប់​អ្នកវិនិយោគ​រក​ផលចំណេញ​ក្នុង​រយៈពេល​វែង។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា នៅ​កម្ពុជា​ខុន​ដូ​ប្រណីត​មានតម្លៃ​ជា​មធ្យម៣ ០៤១ ដុល្លារ ក្នុង១ម៉ែត្រការ៉េ​ធ្លាក់ ៣,៩៨ ភាគរយ ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ ២០២០ ។ ខុន​ដូ​ប្រភេទ​មធ្យម​មានតម្លៃ ២ ៤៤១ដុល្លារ បាន​ធ្លាក់៤,៦១ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ មានតម្លៃ​ជា​មធ្យម១៥៣៩ ដុល្លារ​ធ្លាក់ចុះ០,៦៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​ក្រុមហ៊ុន​CBRE Cambodia កញ្ញា​គឹម គិ​ន​កេសា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ចុង​សប្តាហ៍​កន្លងមកនេះ​ថា  នៅ​ក្រុងភ្នំពេញ​មាន​គម្រោង​ខុន​ដូ​ចំនួន ៧២ ស្មើនឹង​បន្ទប់​ស្នាក់នៅ​សរុប២០,៨៥០ យូ​នី​ត បានបញ្ចប់​ការសាងសង់ និង​បើក​ដំណើរ​ការគិត​មកដល់​ពេលនេះ។

ស្ថានភាព​ទីផ្សារ​ខុន​ដូ នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ដើមឆ្នាំ២០២០ មិនសូវមាន​ភាពល្អប្រសើ​រ​ទេ ព្រោះ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ១៩ បានធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​បរទេស​ដែល​ស្នាក់នៅ និង​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ធ្លាក់ចុះ​យ៉ាងច្រើន។

កញ្ញា​គឹម គិ​ន​កេសា​បន្តថា ខុន​ដូ ជាទី​ផ្សារ​ពេញនិយម​ខ្លាំង​សម្រាប់​ជនបរទេស ហេតុនេះ​នៅពេល​ជនបរទេស​ចាកចេញ​ច្រើន ផលប៉ះពាល់​ដល់ទី​ផ្សារ​នេះ​ប្រាកដជា​កើតមាន ដោយ​ចៀស​មិន​ផុត។ កញ្ញា​បន្ថែមថា “កូ​វីដ១៩ បានធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​បរទេស​ដែល​ស្នាក់នៅ និង​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ធ្លាក់ចុះ​យ៉ាងច្រើន ជាហេតុ​ធ្វើ​ឲ្យ​បន្ទប់​ខុន​ដូ នៅសល់​ក៏​កើន​ច្រើន​ដែរ” ។

ស្របពេល​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ ១៩ នៅ​បន្ត​ការគំរាមកំហែង​ជា​សកល​នោះ​កញ្ញា គិ​ន​កេសា បាន​និយាយថា បើតាម​ស្ថានភាព​នៃ​ការបន្ត​ឆ្លង របស់​ជំងឺ​កូ​វីដ១៩ វិស័យ​ខុន​ដូ​នៅ​កម្ពុជា នឹង​នៅតែ​បន្ត​ទទួលរង​ផល​អវិជ្ជមាន​ជា​បន្តទៀត ក្នុង​ត្រីមាស​ទី៣ឆ្នាំនេះ។

កញ្ញា​អះអាងថា “ខ្ញុំ​គិតថា​តម្លៃ​លក់ និង​ជួល​ខុន​ដូ​នៅ​ភ្នំពេញ នឹង​បន្ត​ធ្លាក់ចុះ​ទៀត​ក្នុង​ត្រីមាស​ទី៣នេះ ព្រោះ​ចំនួន​ជនបរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា នៅ​មិនទាន់មាន​ចំនួន​ច្រើន​ដូច​មុនពេល​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ១៩នោះទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here