មន្រ្តីជាន់ខ្ពស់ៈទំហំសេដ្ឋកិច្ចឌីជីថលនឹងកើនពី១ដល់២ទ្រីលានដុល្លារនៅឆ្នាំ២០២៣០

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា​មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមជាមួយប្រទេសជាសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំកិច្ចព្រមព្រៀង ក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែ​លរំពឹងថានឹងបង្កើនទំហំសេដ្ឋកិច្ចឌីជីថល នៅអាស៊ានពី១ ទ្រីលានដុល្លារ ដល់២ ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុង​ឱកាសអញ្ជើញតំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បើក “វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ក្រោមប្រធានបទ“ការពន្លឿ​នអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” នាថ្ងៃទី៥ ខែធ្នូ ​ឆ្នាំ២០២៥នេះ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាសូមស្វាគមន៍ជានិច្ច ចំពោះកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌពហុភាគី ព្រមទាំងក្របខ័ណ្ឌតំបន់និងសកល សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុងលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឌីជីថល អាស៊ានលើកទី៥ ស្តីពីការរៀបចំ ផែនការមេឌីជីថលអាស៊ាន ២០៣០​ ស្របពេលជាមួយគ្នានឹងការពិនិត្យឡើងវិញ នូវរបាយការណ៍កិច្ចប្រជុំកំពូលពិភពលោក ស្តីពីសង្គមព័ត៌មានក្នុងរយៈពេល២០ឆ្នាំ កន្លងមក (WSIS +20) ដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។

លោកបន្ថែមថា ជាមួយគ្នានេះ​ កម្ពុជាក៏មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយ ប្រទេសជាសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹងបង្កើនទំហំសេដ្ឋកិច្ចឌីជីថលនៅអាស៊ានពី ១ ទ្រីលានដុល្លារ ដល់២ ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០។

លោកបានបន្តទៀតថា ក្នុងបរិការណ៍ដែលសកលលោក កំពុងមានការបែកខ្ញែក និងមានភាពមិនប្រាកដប្រជាខ្ពស់ កិច្ចសហការក្នុងក្របខ័ណ្ឌឌីជីថលរវាងរដ្ឋ និងវិស័យឯកជននិងដៃគូអភិវឌ្ឍ ក៏ដូចជារវាងរដ្ឋនិងរដ្ឋ ទាំងក្នុងក្របខ័ណ្ឌទេ្វភាគី ពហុភាគី និងតំបន់ គឺជាឱកាសពង្រឹងចំណងមិត្តភាពផង ជាឱកាសដោះស្រាយបញ្ហាប្រឈមរួមផង និងជាឱកាសកសាងសមិទ្ធផលរួមគ្នា សម្រាប់ជាប្រយោជន៍ដល់ប្រជាជាតិនីមួយៗផង។

លោកបានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលបានបង្ហាញនូវស្មារតីសហការខ្ពស់ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថល ទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ និងសូមលើកទឹកចិត្តឱ្យអង្គវេទិកា ប្រើប្រាស់ឱកាសនេះ ដើម្បីបង្កើត និងពង្រឹងចំណងមិត្តភាព ក៏ដូចជាកិច្ចសហការជាមួយគ្នាបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here