ក្រុមហ៊ុនធំមួយរបស់អាល្លឺម៉ង់គ្រោងសាងសង់រោងចក្រកែច្នៃម្រេចនៅកម្ពុជានៅឆ្នាំ២០២៦

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមហ៊ុនធំមួយ ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អាល្លឺម៉ង់ FUCHS Gruppe បាន​បង្ហាញ​ពី​ផែនការ​ក្នុង​ការ​សាងសង់រោងចក្រ​កែច្នៃ​ម្រេច ដែលមានម៉ាកម្រេចត្បូងឃ្មុំ (Trademarks) នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ នៅ​​ឆ្នាំ​២០២៦ ខាង​មុខ។

បច្ចុប្បន្ននេះ ​ក្រុមហ៊ុន​កំពុង​ប្រមូល​ទិញ​​​ម្រេចពី​​​កម្ពុជា យក​​ទៅ​កែច្នៃ​នៅ​រោងចក្រ​​ក្នុង​ប្រទេស​អាល្លឺម៉ង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព័ត៌មានដ៏ល្អ​នេះ ​ត្រូវ​បាន​ ​លោក Andre Fich នាយកគ្រប់គ្រងក្រុមហ៊ុន DF World of Spices GMBH (ក្រុមហ៊ុន​មេរបស់ FUCHS Gruppe) លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ​ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល​ពីសប្តាហ៍មុន។​

ក្នុងជំនួបនោះ លោក តូច ប៊ុនហួរ បានលើក​ឡើង​ពី​​វឌ្ឍនភាពនៃការដាំដុះម្រេចនៅ​កម្ពុជា ដែលជា​ម្រេច​មានគុណភាពខ្ពស់ ជាមួយនឹងការជំរុញការអនុវត្តកសិកម្មល្អ(GAP)។ ដើម្បី​ធ្វើ​ឱ្យ​ជំរុញ​ផលិតកម្មម្រេច​កាន់​តែ​ប្រសើរ​បន្ថែម​ទៀត សូម​គណៈប្រតិភូក្រុមហ៊ុន FUCHS Gruppe ពិនិត្យលទ្ធភាពជួយគាំទ្រកសិករ និងសហគមន៍កសិកម្ម ក្នុងការវិភាគជំងឺ និងសត្វល្អិតចង្រៃ សំដៅកាត់បន្ថយថ្លៃដើមផលិត និងជំរុញទិន្នផលម្រេចកម្ពុជាឱ្យ​កាន់​តែ​ខ្ពស់​។

លោក​បាន​លើកឡើង ដោយជម្រុញឲ្យ​ក្រុមហ៊ុន​សហការជាមួយ​នាយកដ្ឋានជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃពីការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតឱ្យ​បានត្រឹមត្រូវ ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល ជាពិសេស​សហភាពអឺរ៉ុប។

បន្ថែម​ពីលើ​នេះ​ទៀត​ លោក ប៊ុនហួរ ក៏​ស្នើឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើនការ​វិនិយោគ​នៅ​កម្ពុជា​ផងដែរ។

ជា​ការ​ឆ្លើយបត លោក Andre Fich បាន​ឱ្យ​ដឹង​ថា នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ ក្រុមហ៊ុនមានគម្រោង​សាងសង់រោងចក្រកែច្នៃម្រេច​ដែលមានម៉ាកម្រេចត្បូងឃ្មុំ (Trademarks) នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្តង​។

លោកបានឲ្យដឹង​ថា ក្រុមហ៊ុន DF World of Spices GMBH នឹង​ចូលរួមគាំទ្រ និង​រួមចំណែកជំរុញ​កិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់​ផ្នែក​ពាក់​ព័ន្ធ​​​ទាំងការងារបច្ចេកទេស និងទំហំនៃវិនិយោគ សំដៅជួយគាំទ្រកសិផលម្រេច និងគ្រឿងទេសកម្ពុជា និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ​​ឱ្យ​បាន​កាន់​តែ​ច្រើនបន្ថែម​ទៀត។

ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា​(CPSF) លោក ម៉ាក់ នី បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ផ្ទៃដីដាំម្រេច​ក្នុង​រង្វង់​ប្រហែល៦០០០ ហិកតា ដោយ​ផ្តល់​ផល​បាន​ប្រមាណ ២០,០០០​តោន​ក្នុង១ឆ្នាំៗ​។

លោកបន្តថា បរិមាណ​ផលម្រេច​​ដែល​ប្រមូល​បាន គឺមាន​​ច្រើន​លើស​ពី​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក ពោល​គឺ​តម្រូវ​ការ​ក្នុង​ស្រុក​មាន​ប្រមាណពី ៥-៧% ប៉ុណ្ណោះ​។​​លោក​បន្ត​ថា សម្រាប់​គុណភាព​ និង​រសជាតិ​ម្រេច​កម្ពុជា គឺ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ ជាពិសេសផលិតផល​​ម្រេច​កំពត(ម្រេចGI)។ ម្រេចកម្ពុជា​ត្រូវ​បាន​នាំចេញ​ទៅ​ក្រៅ​ប្រទេស​រាប់​ពាន់តោន​ក្នុង​១ឆ្នាំៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here