ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ា រដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូធុរកិច្ចឌុយបៃ ដឹកនាំដោយលោក Salem Al Shamsi អនុប្រធានប្រតិបត្តិផ្នែកទំនាក់ទំនងអន្តរជាតិនៃសភាពាណិជ្ជកម្មឌុយបៃ (Dubai Chambers) ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាពិសេសរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោករដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា ក្នុងការជំរុញការនាំចេញកសិផលដែលមានសក្តានុពល (ជាពិសេស អង្ករ និងគ្រាប់ស្វាយចន្ទី) និងបានគូសបញ្ជាក់អំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា។
ក្នុងន័យនេះ លោកសំហេង បូរ៉ា បានលើកទឹកចិត្តឱ្យវិស័យឯកជនរបស់ភាគីទាំងពីរ ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា -អេមីរ៉ាតអារ៉ាប់រួម សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
ជាកិច្ចឆ្លើយតប លោក Salem Al Shamsi បានធ្វើការកោតសរសើរ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសសមិទ្ធផលថ្មីគឺអាកាសយានដ្ឋានអន្តរជាតិតេជោ។ លោក ក៏បានជម្រាបជូនអំពីព្រឹត្តិការណ៍ New Horizons Roadshow ដែលរៀបចំដោយសភាពាណិជ្ជកម្មឌុយបៃ នៅថ្ងៃទី២៧ -២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលនឹងផ្តល់នូវឱកាសក្នុងការផ្គូផ្គងធុរកិច្ច រវាងវិស័យឯកជននៃប្រទេសទាំងពីរ៕









