កម្ពុជា-ឥណ្ឌាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗចំនួន១២

ដោយៈ និស្ស័យ

    ភ្នំពេញៈ ប្រទេសទាំងពីរកាន់តែខិតជិតគ្នា លើការជម្រុញពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ឲ្យកាន់តែរឹងមាំ និងរលូនថែមទៀត។

ព័ត៌មាននេះត្រូវបានលើកឡើងនៅពេល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

ក្នុងឱកាសនៃជំនួបនោះ លោកអនុរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងបានបង្ហាញអំពីក្តីសប្បាយរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។

លោកអនុរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ អំពីចំណងមិត្តភាពជាប្រពៃណី និងយូរអង្វែង ឥណ្ឌា-កម្ពុជា និងបានបង្ហាញអំពីការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។

ជាការឆ្លើយតបសម្តេចបវរធិបតី បានស្វាគមន៍លោកអនុរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។

សម្តេចបវរធិបតី បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគីដ៏ល្អ លើវិស័យជាច្រើននាពេលកន្លងមក។

សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់ថា “ប្រទេសទាំងពីរនៅមានវិស័យសក្ដានុពលជាច្រើនទៀត សម្រាប់កិច្ចសហប្រតិបត្តិការ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋឥណ្ឌា”។

ក្នុងឱកាសនោះ សម្តេចបវរធិបតី និងអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌាក៏បានពិភាក្សា និងឯកភាពគ្នានៅក្នុងការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ សន្តិសុខ និងការពារជាតិ វប្បធម៌ អប់រំ សុខាភិបាល ទេសចរណ៍ ការតភ្ជាប់វិស័យអាកាសចរណ៍ និងវាយនភណ្ឌ ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here