ដោយៈ គង់ សូរិយា
ភ្នំពេញៈ គណៈប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដឹកនាំដោយលោកបណ្ឌិត Dato’ Sri Ricky Yaw បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗចំនួន៩នៅកម្ពុជា។
លើវិស័យសំខាន់ៗទាំងនោះ រួមមាន៖ សហគ្រាសធុនតូច និងមធ្យម (SMEs) ម៉ាកយីហោលំដាប់សកលរបស់ម៉ាឡេស៊ី ការកែច្នៃផលិតផលកសិកម្ម សង្ហារឹម សំណង់ និងអចលនទ្រព្យ អប់រំ និងសុខាភិបាលជាដើម។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោកកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក បានអនុញ្ញាត ឱ្យគណៈប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដឹកនាំដោយលោកបណ្ឌិត Dato’ Sri Ricky Yaw ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ និងកាលានុវត្តភាពសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្នកាលពីថ្ងៃទី២៧ មិថុនាកន្លងមកនេះ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន បានរំលេចអំពីបច្ច័យវិជ្ជមាននានា ជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណា ក្នុងការមកដាក់ទុនវិនិយោគរួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្ម វ័យក្មេង ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ច្បាប់ស្តីពីវិនិយោគដែលមានភាពបើកភាពចំហរ និងផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់សកម្មភាពវិនិយោគ។
លើសពីនេះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍ ឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជាមួយនឹងទីតាំងភូមិសាស្រ្ត ដែលមានអំណោយផលខ្ពស់ ជាប្រភពនៃថាមពលស្អាតកកើតឡើងវិញ ហើយត្រូវបានរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្ម ក្នុងតំបន់នាពេលអនាគត ជាអ្វីដែលរាជរដ្ឋាភិបាលកំពុងិតគូផងដែរ។
ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបទៅកាន់គណៈប្រតិភូធុរជនម៉ាឡេស៊ី អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ សំដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែង ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា(ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំ វិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។
បន្ទាប់ពីបានស្តាប់ប្រសាសន៍ លើកឡើងយ៉ាងក្បោះកាយរបស់ លោកឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូបានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក.អ.ក.ផ្ទាល់ ក្នុងការសម្របសម្រួលថែរទាំ គាំទ្រដល់វិនិយោគិន ដែលបានដាក់ទុនវិនិយោគ និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដែលទាំងអស់នេះជាមូលដ្ឋាន ធ្វើឱ្យអ្នកដែលមានបំណងដាក់ទុនវិនិយោគ នាពេលអនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ។
គណៈប្រតិភូធុរជនម៉ាឡេស៊ី បានបង្ហាញនូវអារម្មណ៍កក់ក្តៅចំពោះការឆ្លើយតបរបស់លោកឧបនាយករដ្ឋមន្ត្រី ទៅកាន់សំនួរដែលបានលើកឡើង ដោយបានបញ្ជាក់ថា ពិតជាបរិបូរណ៍ដោយព័ត៌មានពិតប្រាកដ ជំរុញឱ្យមានការចាប់អារម្មណ៍ខ្ពស់ និងស្រាយបំភ្លឺនូវរាល់ចម្ងល់ផ្សេងៗ ក៏ដូចជាផ្នត់គំនិតចាស់ៗ ដែលធ្លាប់មានមកលើកម្ពុជានាពេលកន្លងមក៕