សម្ដេចតេជោ ហ៊ុន សែន ព្រមានទម្លាយសារសំខាន់ៗអំពីក្រុមគ្រួសារ ថាក់ ស៊ីន រាប់ទាំងការប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯង

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះបានថ្លែងខ្លាំងៗ ដោយព្រមានទម្លាយសារសំខាន់ៗ អំពីក្រុមគ្រួសាររបស់លោក ថាក់ ស៊ីន រាប់ទាំងការប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ។

សម្តេចបញ្ជាក់ថា សម្តេចនឹងបញ្ជូនសារទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលភាគច្រើនលើសលុប ស្រឡាញ់សន្តិភាពដូចកម្ពុជាដែរ ដើម្បីឱ្យបានដឹងអំពីលោក ថាក់ ស៉ីន និងក្រុមគ្រួសាររបស់លោក។

សម្តេចបានបង្ហាញនូវការខកចិត្ត ដែលធ្លាប់បានជួយលោក ថាក់ ស៉ីន និងក្រុមគ្រួសាររបស់លោក ដល់ពេលមានឱកាសឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បែរជាបណ្តោយឱ្យមានបញ្ហាធ្ងន់ធ្ងរជាមួយកម្ពុជា ក្នុងទម្លោះព្រំដែននៅពេលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួន ចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ជម្លោះនយោបាយនៅបាងកក បានផ្ទេរជម្លោះមកកាន់ព្រំដែនកម្ពុជា-ថៃ អ្នកត្រូវយល់មិនមែនកម្ពុជាល្ងង់ដែលមិនដឹងរឿងរបស់អ្នកឯងទេ ថ្ងៃស្អែកខ្ញុំនឹងបកស្រាយជូនអ្នកឯង សូម្បីតែអ្នកឯងដូរឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃចេញ ក៏អ្នកឯងផ្តាំមកខ្ញុំដែរ សូម្បីគ្នារបស់អ្នកឯងអ្នកឯងក្បត់ទៅហើយ តើជាមួយខ្ញុំអ្នកឯងហ៊ានក្បត់ទេ? ប្រសិនបើអ្នកឯកព្រហើន ខ្ញុំនឹងលាតត្រដាងទាំងអស់នូវអ្វី ដែលអ្នកឯងនិយាយជាមួយខ្ញុំ រាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯង»។

សម្តេចបានថ្លែងថា ចំពោះរឿងបុគ្គល និងបុគ្គល សម្តេចមិនមានជំពាក់គុណលោក ថាក់ ស៉ីន នោះទេ ផ្ទុយទៅវិញក្រុមគ្រួសារលោក ថាក់ ស៉ីន ទេដែលជំពាក់គុណសម្តេច។ ការលើកឡើងនេះ មិនមែនសម្តេចទារសគុណនោះទេ អ្វីដែលចង់បាន គឺទំនាក់ទំនងស្មើភាព។

សម្តេចសង្កត់ធ្ងន់ទៀតថា ប្រសិនបើលោក ថាក់ ស៉ីន ទទួលបានសារដែលសម្តេចថ្លែងនៅពេលនេះ ហើយឆ្លើយតបថែមទៀតនោះ សម្តេចនឹងប្រមូលព័ត៌មាន ទម្លាយចេញទាំងអស់នៅថ្ងៃស្អែក។

សម្តេចសង្ឃឹមថា នៅពេលឆាប់ៗខាងមុខ ថៃនឹងមាននាយករដ្ឋមន្ត្រី ដើម្បីរួមគ្នាដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រោះសម្តេចជឿជាក់ថា ប្រជាជនថៃ ក៏ដូចប្រជាជនកម្ពុជា គឺត្រូវការសន្តិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here