ដោយៈ សហការី
ភ្នំពេញៈ ស្ថាបត្យកម្ម (Architecfure) គឺជាសិល្បៈក្នុងការសាងសង់ ប្រកបដោយការប្រកបដោយការតុបតែង តាមក្បួនខ្នាតត្រឹមត្រូវ។
រចនាបថ(Style)គឺសំដៅទៅលើសិល្បៈ ក្នុងការសាងសង់ ឬតាក់តែងលំអរ តាមគំនិតរបស់ព្រះមហាក្សត្រ ក្នុងការស្ថាបនាប្រាសាទបុរាណ។ នៅក្នុងសម័យបុរាណគេបានចែករចនាបថ ដាច់ដោយឡែកពីគ្នា ដែល មានរហូតទៅដល់១៣រចនាបថ (Style)ក្នុងរចនាបថនិមួយៗ មានកសាងនិងលក្ខណៈពិសេសៗខុសគ្នាទៅ តាមសម័យកាលមួយៗ ។
១-រចនាបថភ្នំដា(គ.ស.វទី១ដល់គ.ស.វទី៦)
តាមរយៈការធ្វើការកំណាយនៅក្នុងអង្គរបុរី និងនៅអូកែវ (កម្ពុជាក្រោម)បានបង្ហាញថា សិល្បៈសម័យ ហ្វូណន ដែលគេបញ្ចូលទៅក្នុងរចនាបថភ្នំដា ដោយយកប្រាសាទនៅភ្នំដាធ្វើជាគោល។ ភ្នំដាស្ថិតនៅជិតអង្គរបុរី ក្នុងខេត្ដតាកែវ ។ នៅក្នុងសម័យហ្វូណន ប្រទេសខ្មែរមានទំនាក់ទំនងជាច្រើន ជាមួយឥណ្ឌាជាពិសេសក្នុងវិស័យសិល្បៈ។
ក្រៅពីស្ថាបត្យកម្មខ្មែរសម័យនគរភ្នំ បានទុកស្នាដៃជាច្រើនខាងក្នុងរូបដិមា ដែលគេបានជួបប្រទះនៅអង្គរបូរី និងទីកន្លែងដទៃជាច្រើនទៀតនៅក្នុងប្រទេសខ្មែរ ។ ចំណែកឯកំណាយនៅអូរកែវវិញ បានធ្វើឱ្យយើងស្គាល់គ្រឿងឧបករណ៍ និងគ្រឿងអលង្ការ ដែលខ្មែរយើងសម័យនោះបានប្រើប្រាស់ ។
២-រចនាបថភ្នំដា(ពាក់កណ្ដាលស.វទី១ នៃគ.សទី៧)
រចនាបថ សម្បូណ៍ គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទ ឦសានវរ្ម័នទី ១ (គ.ស ទី ៦១៦-៦៣៥) ដោយមានរាជធានីឈ្មោះឦសានបុរៈ គឺសម្បូណ៍ព្រៃគុក(ខេត្ដកំពង់ធំ)ប្រាសាទជាច្រើន ដែលគេរាប់បញ្ចូលក្នុងរចនាបថ សម្បូណ៍ មានដូចជា ប្រាសាទសម្បូណ៍ព្រៃគុក ស្ទើរតែទាំងអស់ លើកលែងតែប្រាសាទ (ស្ថិតនៅក្នុងរចនាបថគូលែន ) ខសាងផ្នែកស្ថាបត្យកម្ម ក្នុងរចនាបថសម្បូណ៍ និងក្នុងរចនាបថជាច្រើនបន្ទាប់មកទៀតរហូតមកដល់គ.ស វទី១០ ប្រាសាទមានរាងតូចៗ ធ្វើអំពីភ្នំដា បូកបាយអធ្វើអំពីកំបោរលាយស្ករ ប៉ុន្ដែបច្ចុប្បន្ននេះបានរបេះធ្លាក់ស្ទើរអស់ទៅហើយ គឺនៅសល់តែឥដ្ឋទទេ។
រីឯចំណែកផ្ដែរ (Linteaul)និងសរសរពេជ្រ(Colonnelte) ធ្វើអំពីថ្មភក់ ហើយប្រាសាទទាំងឡាយភាគច្រើន សាងសង់ដោយគ្មានរបៀបរៀបរយ ត្រង់នេះមួយ ត្រង់នោះមួយ។
នៅក្នុងរចនាបថនេះ គេបានប្រទះឃើញ បដិមាភេទស្រី ដែលតាមធម្មតាមានរាងតូច ត្រគាកសាយ ហើយពាក់មកុដរាមូល។
ចំណែកឯបដិមាភេទប្រុសវិញ ភាពច្រើនមានរាងធំហើយមាំទៀតផង។
៣-រចនាបថព្រៃក្មេង( ពាក់កណ្ដាលស.វទី២ នៃគ.សទី៧ )
រចនាបថព្រែក្មេង គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ (គ.ស ៦៥៥-៦៨១)ដែលមានរាជធានី នៅអង្គរបូរី ។ ប្រាសាទដែលគេបញ្ចូលក្នុងរចនាបថនេះមាន ប្រាសាទព្រែក្មេង ប្រាសាទស្វាយព្រាហ្មណ៍ (ផ្នែកបុរាណ)។
ស្ថាបត្យកម្មនេះ មានលក្ខណៈប្រហែលគ្នា និងស្ថាបត្យកម្មក្នុងរចនាបថសម្បូណ៍ ក្បាច់រចនាលើផ្ដែរច្រើនតែ ក្បាច់ភ្ញីទេស ពោលគឺក្បាច់ផ្កាច័ន្ទន៍។ នៅក្នុងរចនាបថនេះ គេច្រើននាំគ្នាកោតសរសើរហរិហរៈប្រាសាទអណ្ដែត ដែលគេចាត់ទុកថា ស្នាដៃឯកមួយក្នុងសិល្បៈខ្មែរ ព្រោះបដិមានេះបានបង្ហាញឱ្យឃើញថា សិល្បៈករខ្មែរ មាន បច្ចេកទេសខ្ពង់ខ្ពស់ ដោយចេះធ្វើបដិមានេះ ឱ្យមានរាងរៅសមសួនល្អណាស់។
៤-រចនាបថកំពង់ព្រះ( គ.ស.វទី៨)
រចនាបថនេះ គឺស្ថិតនៅក្នុងសម័យចេនឡាបែកបាក់គ្នាជាពីរ ។ ប្រាសាទដែលគេបញ្ចូលនៅ ក្នុងរចនាបថនេះមាន ប្រាសាទកំពង់ព្រះ ប្រាសាទមាកយំ (ផ្នែកបុរាណ) ប្រាសាទត្រញំងផុង(ផ្នែកបុរាណ) នៅក្នុងរចនាបថនេះ ប្រាសាទសឹងតែទាំងអស់សង់ ដូចជាសម័យមុនៗដែរ គឺសង់រាបនិងដី លើកលែងតែប្រាសាទអកយំមួយទេ ដែលគេសង់ជាច្រើនជាន់ មានរាងដូចជាចេតិយ។
ចំណែករូបបដិមា ក្នុងរចនាបថនេះមានល្អ ខ្លះអាក្រក់ ប៉ុន្ដែ សិល្បៈខ្មែរមានវិវត្ដន៍ពិសេសរបស់ខ្លួន គឺត្រង់សិល្បៈករខ្មែរបានសាងល្បងបំបាត់គោលទំរ និងទំនប់របស់បដិមាខ្លះៗ។
សិល្បៈខ្មែរសម័យអង្គរ គឺចាប់ពី (គ្រឹស្ដសតវត្សរ៍ទី៩-ទី ១៣ ) ហើយសិល្បៈខ្មែរសម័យនោះចែក ចេញជា៩រចនាបថគឺ ៖
៥-រចនាបថគូលែន( ពាក់កណ្ដាលស.ត.វទី១ –ស.វទី៩)
រចនាបថនេះ ស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (គ.ស ៨០២-៨៥០) ដែលមានការសាងសង់រាជធានី នៅជាច្រើនកន្លែង។ ចំពោះប្រាសាទ ដែលគេរាប់បញ្ចូលនៅក្នុងរចនាបថ មានដូចជា ប្រាសាទព្រែបាសាទ ប្រាសាទភ្នំគូលែន ប្រាសាទដំរីក្រាប ប្រាសាទអូបាង ប្រាសាទខ្ទីងងាប់។
ដោយព្រះបាទជ័យវរ្ម័នទី២ ធ្លាប់បានគង់នៅប្រទេសជ្វា ហើយនៅក្នុងរាជរបស់ព្រះអង្គ គេបានបង្កើតពិធីទេវរាជថែមទៀតផង ។ ដូចនេះហើយ ទើបសិល្បៈខ្មែរក៏បានទទួលឥទ្ធិពលទាំងនេះខ្លះ ដែលជាហេតុនាំឱ្យមានការកសាងប្រាសាទភ្នំជាដើម។ ជាទូទៅសិល្បៈខ្មែរ ក្នុងសម័យនោះ ពុំសូវមានក្បាច់រចនាប៉ុន្មានទេ ប៉ុន្ដែសិល្បករបានបង្កើតនូវភាពថ្មីៗ ជាច្រើនដែលគេឱ្យឈ្មោះថា បុនព្ភពសម័យទី ១ (Lére Renaissance) ក្នុងប្រវត្ដិសិល្បៈខ្មែរ។
ដូចនៅក្នុងសម័យមុន គេសង់ប្រាសាទអំពីឥដ្ឋនៅឡើយ ប៉ុន្ដែគេនិយមស្ថាបនាប្រាសាទលើភ្នំ ដើម្បីតម្រូវទៅតាមពិធីទេវរាជ ទស្សនៈនេះហើយ ដែលជាកត្ដានាំឱ្យកើតមានប្រាសាទភ្នំ (Temple Mentange) ជាច្រើននៅសម័យក្រោយមកទៀត ។
៦-រចនាបថព្រះគោ( ចុងនៃស.ត.វទី១–ស.វ ទី៩)
រចនាបថព្រះគោ ស្ថិតនៅក្នុងរជ្ជកាលព្រះបាទ ឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩) និងព្រះបាទយសោវរ្ម័នទី១ (គ.ស ៨៨៩-៩០០) ដែលដំបូងបានគង់នៅ ក្នុងរាជធានីហរិហរល័យដែរ គឺនៅរលួសខេត្ដសៀមរាប។ ប្រាសាទ ដែលគេរាប់បញ្ចូល ក្នុងរចនាបថព្រះគោគឺ ប្រាសាទព្រះគោ (គ.ស ៨៧៩) ប្រាសាទបាគង (គ.ស ៨៨១)ដែល កសាងឡើងដោយ ព្រះបាទឥន្ទ្រវរ្ម័នទី១។
រីឯប្រាសាទលលែវិញ គឺនៅ(គ.ស ៨៩៣) ដែលជាស្នាដៃរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ។ នៅសម័យនេះ គេតែងតែកសាងប្រាសាទអំពីឥដ្ឋបូកបាយអដដែល ប៉ុន្ដែគេកសាងប្រាង្គជាច្រើន លើខឿនតែមួយ (ព្រះលលែ) ដើម្បីឧទ្ទិសចំពោះបុព្វជន មានព្រះមាតាបិតាជាដើម ។
ម្យ៉ាងទៀត គេបានកសាងប្រាសាទភ្នំបាគង ដែលមានច្រើនជាន់ ដើម្បីតំកល់លិង្គព្រះឥសូរ ហើយនៅជាន់ទី៤នៃប្រាសាទនេះ គេបានសាកល្បងសង់ប្រាសាទតូចៗ អំពីថ្មភក់ចំនួន១២។
៧-រចនាបថបាខែង(ចុងនៃស.ត.វទី៩-និងដើម ស.វទី១០ )
រចនាបថបាក់ខែង ស្ថិតនៅក្នុងរជ្ជកាលព្រះបាទ យសោវរ្ម័នទី១ (គ.ស ៨៨៩-៩០០) ដែលមានរាជធានីនៅយសោធបុរៈ(ភ្នំបាក់ខែង) ចំពោះប្រាសាទដែលចាក់ចូលក្នុងរចនាបថនោះមាន ប្រាសាទភ្នំបាក់ខែង ប្រាសាទភ្នំក្រោម ប្រាសាទភ្នំបូក ។ ល ។
នៅក្នុងសម័យនេះ រូបបដិមាទាំងឡាយ មានរាងត្រង់ៗ មានមាឌធំហើយមាំទៀតផង។ ចញ្ចើមទាំងពីរត្រង់ហើយជាប់គ្នា ចំណែកឯផ្នែក និងបបូរមាត់វិញ សិល្បៈករបានឆ្លាក់ឱ្យឃើញជា រង្វង់ពីរផ្នក់យ៉ាងច្បាស់ ។ ជើងសក់ និងពុកចង្កា ឆ្លាក់ជាប់គ្នាតែម្ដង ។ រូបបដិមាទាំងនេះមានស្លៀកសំពត់ជីប ជាផ្នត់ជុំវិញខ្លួនហើយមានជាយខាងលើ បត់ជាផ្នត់ទំលាក់ចុះមកក្រោម។
៨-រចនាបថកោះកែ(គ.ស.វទី១០ )
រចនាបថនេះ ស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស ៩២៨-៩៤១ ) ដែលទ្រង់បានតាំងរាជធានីកោះកេរ មានចម្ងាយប្រមាណ១០០គីឡូមែត្រ នៅទិសឦសាននៃភូមិភាគអង្គរ។
ប្រាសាទដែលគេរាប់បញ្ចូល នៅក្នុងរចនាបថនេះ គឺប្រាសាទនៅកោះកេរទាំងអស់ ហើយនៅក្នុងចំណោមប្រាសាទទាំងអស់នេះ គេឃើញមាន ប្រាសាទមួយសង់លើខឿនប្រាំពីរជាន់ ដែលមានកំពស់ប្រមាណ៣៥មែត្រ។ រីឯរូបបដិមា មានសភាពប្រហាក់ប្រហែលគ្នាទៅនិងសម័យមុនៗដែរ តែច្រើនមានមាឌធំៗ ប្រកបដោយចលនាផ្សេងៗ ដូចជារូបដើរ រូបរាំ ឬរូប ប្រយុទ្ធគ្នា (សុគ្រិព និងពាលី)ដើម្បីបង្ហាញអំណាច និងថាមពលឱ្យស្របទៅតាមព្រះទ័យ នៃព្រះបាទជ័យវរ្ម័នទី៤ដែលជាស្ដេចជ្រែករាជ។
៩-រចនាបថបន្ទាយស្រី (ពាក់កណ្ដាលទី២នៃគ.ស.វទី១០ )
រចនាបថបន្ទាយស្រី ស្ថិតនៅក្នុងរជ្ជកាលព្រះបាទរាជិន្ទ្រវរ្ម័ន (គ.ស ៩៤៤-៩៦៨) ដែលទ្រង់បានតាំង រាជធានីនៅអង្គរវិញ ។ ចំពោះប្រាសាទរួមមានប្រាសាទ មេបុណ្យខាងកើត (គ.ស ៩៥២) ប្រាសាទប្រែរូប (គ.ស ៩១៦) ប្រាសាទបន្ទាយស្រី(គ.ស ៩៦៧)។
យោងទៅតាមឯកសារប្រវត្ដិសាស្ដ្រខ្លះនិយាយថា ប្រាសាទ បន្ទាយស្រី ជាប្រាសាទរបស់ព្រាហ្មណ៍ម្នាក់នាមយជ្ញវរាហៈ។ ប្រាសាទនេះពុំមែនជាប្រាសាទភ្នំទេ ជាប្រាសាទដែលសង់ក្បាច់ចម្លាក់ នៅគង់វង្សល្អជាងគេរហូតមកដល់បច្ចុប្បន្ន។ ចំណែករូបបដិមាវិញមានច្រើន មានរាងតូចៗ ទឹកមុខសុភាព មានបបូរមាត់ក្រាស់ហើយខ្លី មានរបៀបតុបតែងសក់ថ្មី ហើយពុំមានមកុដឡើយ។ បដិមាទាំង នេះមានស្លៀកពាក់សំពត់ជីបជាផ្នត់ផង សំពត់លាតរលីងផង។
១០-រចនាបថឃ្លាំង(ចុងគ.ស.វទី១០ និងពាក់កណ្ដាលទី១នៃគ.ស.វទី១១)
រចនាបថនេះ ស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១) និងព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២-១០៥០) ដែលមានរាជធានីនៅអង្គរ។ គេរាប់បញ្ចូលក្នុងរចនាបថឃ្លាំងនូវប្រាសាទតាកែវ ប្រាសាទឃ្លាំងខាងជើង ប្រាសាទវិមានអាកាស។
ចំពោះរូបចម្លាក់បដិមាវិញ មានទឹកមុខសុភាពដូចសម័យបន្ទាយ ស្រីដែរ លាក់តែសម្លៀកបំពាក់ជីបជាផ្នត់ជាដរាប ហើយគេឃើញសំពត់មួយថ្មី ប្លែកពីមុន គឺខាងក្រោយសំពត់ ឡើងរហូតដល់ខ្នង ឯខាងមុខធ្លាក់សំយេះមកក្រោម បញ្ចេញក្បាលពោះកណ្ដាលវាល។
១១-រចនាបថបាពួន(ពាក់កណ្ដាលទី២ នៃគ.ស.វទី១១)
រចនាបថនេះ ស្ថិតនៅក្នុងរជ្ជកាល ព្រះបាទឧទយទិត្យវរ្ម័នទី២ (គ.ស ១០៥០-១០៦៦) ព្រះបាទហ៌សវរ្ម័នទី៣ (គ.ស ១០៦៦-១០៨០) ដែលមានរាជធានីនៅអង្គរដែរ ចំពោះប្រាសាទដែលបញ្ចូលក្នុងរចនាបថនោះ មានដូចជា ប្រាសាទបាពួន ប្រាសាទមេបុណ្យខាងលិច និងប្រាសាទវត្ដខ្នារ។
នៅក្នុងសម័យនោះ ការកសាងប្រាសាទ ភ្នំរិតតែមានការរីកចម្រើនឡើងថែមទៀត គឺប្រាសាទបាពួនមានថែវពីរជាន់ ប្រក់ថ្មភក់ព័ទ្ធជុំវិញ ព្រមទាំង មានប្រាង្គនៅគ្រប់ជ្រុងថែវ និងមានគោបុរៈនៅត្រង់ជណ្ដើរគ្រប់ទិសទាំងបួនទៀត។
នៅក្នុងប្រាសាទបាពួន គេសង្កេតឃើញមានរចនាក្បាច់រឿង នៅតាមជញ្ជាំងគោបុរៈ និងជញ្ជាំងប្រាង្គជ្រុងជាន់ទី២ ក្បាច់រឿងទាំងនេះ ចែកជាផ្ទាំងតូចដាច់ៗ ពីគ្នាមានរាងចតុកោណកែងស្មើរ។ ចតុកោណកែង ហើយច្រើនតែរឿងដែលទាក់ទងទៅ និងព្រះវិស្ណុ រីឯរូបបដិមាវិញ ពុំខុសពីរចនាបថឃ្លាំងឡើយ។
១២-រចនាបថអង្គរវត្ដ(ពាក់កណ្ដាលទី១ នៃគ.ស.វទី១២)
រចនាបថអង្គរវត្ដ គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (គ.ស ១១១៣-១១៤៥) ដែលមានរាជធានីនៅអង្គរ។ ប្រាសាទដែលចាក់បញ្ចូល ក្នុងរចនាបថនេះ គឺប្រាសាទបឹងមាលា ប្រាសាទព្រះបាលិលេយ្យ ប្រាសាទកំពូល ប្រាសាទបាគង។ ល ។
នៅក្នុងរចនាបថនេះ ស្ថាបត្យករខ្មែរ មានការរីកចម្រើនឡើងដល់កំពូល។ នៅលើជញ្ជាំងថែវជាន់ទី១ មានក្បាច់រឿងចែកជា៨ផ្ទាំងធំៗ ហើយ វែងៗហើយក្បាច់រឿងទាំងនោះមានរឿងផ្សេងៗ៕