ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញទៅទស្សនាឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ជាគោលដៅទេសចរណ៍ ដ៏មានសក្តានុពលចម្រុះ ដោយបេតិភណ្ឌប្រវត្តិសាស្ត្រនិងទេសចរណ៍ធម្មជាតិ។
ឧទ្យានជាតិនេះ មានទីតាំងស្ថិតក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។
លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រុមមន្រ្តីបានអញ្ជើញចូលទស្សនា និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដោយបានទទួលស្វាគមន៍ពីលោកសូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប។
ក្រសួងទេសចរណ៍បញ្ជាក់ថា ឧទ្យានជាតិនេះ ជាគោលដៅទេសចរណ៍ ដ៏មានសក្តានុពលចម្រុះ ដោយបេតិភណ្ឌប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិ ក្នុងការជំរុញយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) និងជាឧទ្យានជាតិផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ក្នុងគោលបំណងធានានិរន្តរភាពនៃការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការពារបេតិកភណ្ឌជាតិ បរិស្ថាន និងធនធានធម្មជាតិ ក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្តែង៕