ខេត្តព្រះវិហារ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ ព្រមទាំងអ៊ុពូមីង បងប្អូនប្រធានសហគមន៍ទេសចរណ៍នៅក្នុងខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងតំណាងគណៈអភិបាលខេត្តព្រះវិហារ ដើម្បីជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យមានកំណើនបន្ថែមទៀត តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ជាពិសេសមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ក្នុងនោះរួមគ្នាដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការបញ្ចុះតម្លៃកញ្ចប់ទស្សនកិច្ចនៅតាមគោលដៅទេសចរណ៍ បញ្ចុះតម្លៃការស្នាក់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ និងមធ្យោបាយធ្វើដំណើរដឹកជញ្ជូន ព្រមទាំងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តាសក្តានុពលទេសចរណ៍ខេត្តព្រះវិហារឱ្យបានច្រើន ប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណជាខ្មែរ នៅក្នុងរដូវកាលបៃតងនេះ។
ក្នុងពិធីដ៏ពិសេសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្តាប់នូវរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពអង្គភាព ពង្រឹងមូលធនមនុស្ស ស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ និងបន្តថែរក្សាបរិយាកាសដុខដុមនីយកម្មនៅក្នុងអង្គភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងក្នុងស្មារតីចូលរួមលើកស្ទួយសក្តានុពលទេសចរណ៍ នៅខេត្តព្រះវិហារ តួយ៉ាង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ទីរទេសចរណ៍ខេត្តព្រះវិហារត្រូវសហការជាមួយបណ្តាអ្នកសារព័ត៌មាន និងក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងទិសដៅជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ខេត្តព្រះវិហារឱ្យទូលំទូលាយបន្ថែមទៀត ជាពិសេសត្រូវផ្តល់កិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន។
#Cambodia
#ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#បគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់
#ទសសនារដូវកាលបៃតងកម្ពុជា
#visitcambodiagreenseason
#ministryoftourismcambodia
#huothak