អ្នកចូលចិត្តទេសចរណ៍បែបវប្បធម៌ និងបេតិកភណ្ឌ សូមគិតដល់ប្រទេសកម្ពុជាមុនគេ!​

នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនក្លឹបសិល្បៈអប្សរា២៥ដួង ចូលជួបដើម្បីគោរពជម្រាបជូនអំពីគម្រោងថត MV ជាស្នាដៃថ្មីរបាំកាយវិការ «អប្សរាយសោធរបុរៈចក្រភពអង្គរ» និងស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់លើគម្រោង MV ដែលរៀបចំផលិត ក្នុងគោលបំណងអបអរសាទរសមរាត្រីនៅប្រាសាទអង្គរវត្ត នាខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ និងជាការបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជាដល់ពិភពលោក។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត កោតសរសើរ គាំទ្រ និងផ្តល់កិច្ចសហការ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់ប្អូនៗ សមាជិកក្លឹបសិល្បៈអប្សរា២៥ដួង ដែលបានចំណាយពេលវេលា កំលាំង និង និងធនធានលើគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីចូលរួមចំណែកជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានមតិផ្តាំផ្តែដល់សមាជិកក្លឹប ត្រូវប្រឹងប្រែងផលិត MV នេះ ឱ្យមានគុណភាពខ្ពស់ និងត្រូវសម្រិតសម្រាំងទាំងខ្លឹមសារ រូបភាព និងសំលេង ដោយសារទេសចរណ៏កម្ពុជា ជាទេសចរណ៍បែបវប្បធម៌ និងបេតិកភណ្ឌ តាមរយៈការទស្សនាប្រាង្គប្រាសាទរាប់ពាន់នៅពាសពេញប្រទេស ក៏ដូចជាប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកមួយផងដែរ ហើយតាមរយៈ MV ដែលនឹងថតនៅតំបន់បេតិកភណ្ឌរបស់កម្ពុជា នឹងជាសារដ៏សំខាន់ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏សំបូរបែប បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ការស្នាក់នៅដ៏ប្រណិត ម្ហូបអាហារប្រពៃណីដ៏មានឱជារស ជាពិសេសគឺកត្តាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម ការរីកចំរើនដ៏ឆាប់រហ័ស ដែលកម្ពុជាមានដល់ពិភពលោកទាំងមូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សូមបញ្ជាក់ជូនថាព្រឹត្តការណ៍សមរាត្រីអង្គរនៅចន្លោះខែសីហា និងកញ្ញា រៀងរាល់ឆ្នាំ ជាព្រឹត្តការណ៍ដ៏អស្ចារ្យដែលព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តរបស់កម្ពុជា ពិតជាលក្ខណៈពិសេស និងការគិតគូរបែបវិទ្យាសាស្រ្តដ៏សែនប្រាកដមួយរបស់បុព្វបុរសខ្មែរកាលពីយូរលង់មកហើយ ព្រឹត្តការណ៍នេះ អ្នកទេសចរជាតិ និងអន្តរជាតិអាចផ្តិតនូវរូបភាព និងអនុស្សាវិរីយ៍នៃជំនួបរវាងបេតិកភណ្ឌពិភពលោក និងបាតុភូតតារាធម្មជាតិ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងស្និទ្ធស្នាលដោយបានជួបប្រជុំជាមួយនឹងអ្នកមានចំណង់ចំណូលចិត្តដូចគ្នាពីគ្រប់ទិសទីនៃពិភពលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here