រដ្ឋមន្រ្តីទេសចរណ៍ណែនាំ៦ចំណុចលើការរៀបចំស្ថិតិទេសរណ៍ប្រកបដោយតម្លាភាព

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសូចនាករទេសច​រណ៍ និងស្ថិតិទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សា​យ និងប្រកាសឱ្យប្រើប្រាស់នូវសូចនាករទេសចរណ៍ និងស្ថិតិទេសចរ​ណ៍ផ្លូវការ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិស្ថិតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេស​ចរណ៍កម្ពុជា-CTB…) អភិបាលរងខេត្ត ទទួលបន្ទុកវិស័យទេសចរណ៍ ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ តំណាង និងថ្នាក់ដឹកនាំផ្នែកវិស័យឯកជនក្នុងវិស័យទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារស្ថិតិមានភាពស្មុគស្មាញ និងមមាញឹកណាស់ ដោយតម្រូវឱ្យធ្វើការងារទាំងនៅថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក ពិសេសនៅពេលប្រារព្ធពិធីជាតិបុណ្យធំៗ ដែលតម្រូវឱ្យមានការបូកសរុបស្ថិតិ ទេសចរណ៍ឱ្យបានត្រឹមត្រូវ ច្បាស់​លាស់ ទាន់ពេលវេលា។

ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍស្ថិតិទេសចរណ៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព លោករដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ណែនាំគន្លឹះ មួយចំនួដូចខាងក្រោម៖ ទី១. បន្តប្រមូល រៀបចំ ចងក្រងទិន្នន័យទេសចរណ៍ប្រកបដោយគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ស្ថិតិទូទៅ។

ទី២ សិក្សាលទ្ធភាពក្នុងការប្រើប្រាស់ ការគ្រប់គ្រងទិន្នន័យទេស​ចរណ៍ ក្នុងនោះមានទាំងភ្ញៀវទេសចរ គោលដៅទេសចរណ៍ និងខ្សែច្រវាក់តម្លៃទេសចរណ៍ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល និងការវិភាគទិន្នន័យដោយប្រើប្រាស់បច្ចេកវិទ្យាដូចជា Big Data និងAI។

ទី៣. រៀបចំទិន្នន័យទេសចរណ៍ឌីជីថល (Digital Tourism Database)។ ទី៤ រៀបចំ និងចងក្រងគណនីរណបទេសចរណ៍ (Tourism Satellite Account, TSA) សម្រាប់បម្រើឱ្យការវាស់វែងនិរន្តរភាពទេសចរណ៍។

ទី៥. ធ្វើឱ្យមានសុខដុមនីយកម្ម ក្នុងប្រព័ន្ធស្ថិតិទេសចរណ៍(Tourism Statistics Harmonization) ដោយរួមបញ្ចូលទស្សនទាននៃភាពច្នៃប្រឌិត និងនវានុវត្តភាពក្នុងការអភិវឌ្ឍស្ថិតិ ស្របតាមយុគសម័យបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រគ្រប់ទិដ្ឋភាពទាំងអស់នៃការប្រមូល ការរៀបចំ ការចងក្រង ការវិភាគ ការថែរក្សា និងការផ្សព្វផ្សា​យស្ថិតិ។

ទី៦. ស្នើឱ្យ លោក លោកស្រី អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍  និងប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តសូមយកចិត្តទុកដាក់ប្រមូលស្ថិតិភ្ញៀវទេសចរ ជាពិសេសនៅពេលពិធីបុណ្យជាតិធំៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here