ដោយៈ និស្ស័យ
កោះកុងៈ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រឹមបានមានប្រសាសន៍ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការសាងសង់ យ៉ាងមមាញឹក ដោយសម្រេចបានលទ្ធផលជារួម៩៦,៨៤។
ផ្លូវជាតិដ៏សំខាន់នេះ គ្រោងរួចរាល់នាពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកផន រឹមបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមម្លប់នៃសុខសន្តិភាព។ ខ្សែផ្លូវជាតិនេះជាបណ្តាញតភ្ជាប់ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
លោកបញ្ជាក់ថា ផ្លូវនេះ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួល ដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹក ជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ នេះជាការបញ្ជាក់បន្ថែម របស់អ្នកនាំពាក្យក្រសួង។
ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៤៨,០៣៨គីឡូម៉ែត្រ ចាប់ពីPK0+000-១៤៨+០៣៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប្រភេទបេតុងកៅស៊ូ(AC)។
គ្រប់កំណាត់ នៃការដ្ឋានគម្រោងលើកកម្រិត គុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាព តាមការគ្រោងទុកនាពេលឆាប់ៗខាងមុខនេះ៕