ប្រព័ន្ឋបាគងគ្របបណ្តប់ការផ្តល់ប្រតិបត្តិការទូទាត់សាច់ប្រាក់រហូតដល់ជាង៦០០លានដង

ដោយៈ គង់ សិរីម៉ាណា

    ភ្នំពេញៈ ប្រតិបត្តិការ​ផ្ទេរ​ និង​ទូទាត់​ប្រាក់​ ដែល​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​បាគង​ កើន​ដល់​ប្រមាណ៦០៨លាន​ប្រតិបត្តិការ ​នៅ​ត្រឹម​ដំណា​ច់ឆ្នាំ២០២៤​។​

ក្នុងចំណោមប្រតិបត្តិការសរុប ការទូទាត់ប្រតិបត្តិការ​ជា​ប្រាក់​រៀល ​មាន​ចំនួនជាង​២៩៩លាន​ប្រតិបត្តិការ ​និង​ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ មាន​​ជាង​៣០៨​លាន​ប្រតិបត្តិការ​។​ នេះ​បើ​យោង​តាម​ធនាគារ​ជាតិ​នៃ​កម្ពុជា​(NBC)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០២៤​របស់NBC ប្រតិបត្តិការ​ផ្ទេរ​ និង​ទូទាត់​ប្រាក់​ដែលធ្វើ​ឡើង ​តាម​រយៈ​ប្រព័ន្ធ​បាគង​ ក្នុង​ឆ្នាំ ២០២៤ មាន​ចំនួនសរុប​៦០៨,៣២លាន​ប្រតិបត្តិការ​ ក្នុង​នោះ​ប្រតិ​បត្តិការ​ជា​ប្រាក់​រៀល​មាន​ចំនួន​២៩៩,៣២​លាន​ប្រតិបត្តិការ​ កើន​ឡើង ​៣៣៤​ភាគរយ​​ បើ​ធៀប​នឹង​ឆ្នាំ២០២៣ ​និង​ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លា​រមាន​ចំនួន៣០៨,២លាន​ប្រតិបត្តិការ​ កើន​ឡើង​១៣៣ភាគរយ។

បើ​គិត​ជា​​ទំហំ​ប្រាក់ គឺ​​ជា​ប្រាក់​រៀលមាន​​ប្រមាណ​១៨៣,៧៤​ទ្រីលាន​រៀល​ កើន​ឡើង​១២៧​ភាគរយ។ ចំណែក​ទំហំ​ប្រាក់​ជា​​ប្រាក់​ដុល្លារ​ មាន​​១០៤,៨១ ​ប៊ីលាន​ដុល្លារ​ កើន​ឡើង​៩៥​ភាគ​រយ​។

NBC បាន​ឱ្យ​ដឹង​ទៀត​ថា ទំហំ​ប្រាក់​សរុប​នៅ​ក្នុង​ឆ្នាំ២០២៤ ​ស្មើ​នឹង​៣៣០ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប(ផ.ស.ស)​។

ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ​​ក្នុង​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​បាន​​កើន​ឡើង​ជា​លំដាប់ ​បន្ទាប់​ពី​ប្រព័ន្ធ​បាគង​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ថ្ងៃទី​២០​ ខែ​តុលា ​ឆ្នាំ២០២០ ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​។​

ប្រព័ន្ធ​បាគង​ គឺ​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ ​ឌីជីថល​ដ៏សំខាន់​មួយ​ ដែល​ដើរ​តួនាទី​ក្នុង​ការ​សម្រួល​ ដល់​ការ​ទូទាត់​ជា​ឌីជីថល​សម្រាប់​សាធារណ​ជន​។

NBC បាន​លើក​ឡើង​ថា ការណ៍​នេះ​បាន​ពង្រីក​នូវ​លទ្ធ​ភាព​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល ​និង​កាន់​តែទូលំ​ទូលា​យ​ជាង​មុន​ដល់​សាធារណជន​។ ​លើស​ពី​នេះ ​មុខងារ​ទូទាត់​ភ្លាមៗ​របស់​ប្រព័ន្ធ​បាគង​ បាន​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​ និង​សម្រួល​ដល់​ដំណើរ​ការ​ទូទាត់​របស់​រាជ​រដ្ឋា​ភិបាល​ ដូច​ជា​ ការ​ប្រមូល​​ពន្ធ ​និង​សេវា​សាធារណៈ​ផ្សេង​ទៀត​បាន​កាន់​តែ​ប្រសើរ​។ ​

ក្នុង​ន័យ​នេះ ​ប្រព័ន្ធ​បាគង​ មិន​ត្រឹម​តែ​ជា ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​ឌីជីថល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ជា​ប្រព័ន្ធ​ទូទាត់​ដ៏​សំខាន់​ដែល​ជំរុញ​ និង​សម្រួល​ដល់​ការ​ចូល​រួម​ ក្នុង​សកម្ម​ភាព​សេដ្ឋ​កិច្ច​ ពាណិ​ជ្ជ​កម្ម​ សំដៅ​គាំទ្រ​ដល់​កំណើន​សេដ្ឋ​កិច្ច ​ប្រកប​ដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា​ផងដែរ​។

ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ លោកស្រី​ ជា​ សិរី​ បាន​លើក​ឡើង​ក្នុង​របាយការណ៍​ខាង​លើ​ថា ​ការ​ធ្វើ​ទំនើប​កម្មប្រព័ន្ធ​ទូទាត់​បាន​បង្កើន​ប្រសិទ្ធ​ភាព ​ក្នុង​ការ​ទូទាត់​ទាំង​នៅ​ទី​ប្រជុំ​ជន​ និង​តំបន់​ជន​បទ​ ដែល​បាន​ជំរុញ​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​ ព្រម​ទាំង​បាន​រួម​ចំណែក​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ ​ស្រប​តាម​គោល​នយោបាយ​រដ្ឋា​ភិបាល​ឌីជីថល​កម្ពុជា ​ឆ្នាំ២០២២​-​២០៣៥​។

លោកស្រីបាន​ថ្លែង​​​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​បន្ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ និង​ក្រុម​ហ៊ុន​បណ្តាញ​ទូទាត់​អន្តរ​ជាតិ​ ដើម្បី​គាំទ្រ ​ការ​បង្កើន​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ដែន​ សំដៅ​គាំទ្រ​វិស័យ​ទេសចរណ៍​ និង​​ពាណិជ្ជ​កម្ម​។ ​ម៉្យាង​ទៀត​ កម្ម​វិធី​ទូទាត់​បាគង​ទេសចរ​ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ ដើម្បី​សម្រួល​ដល់​​ភ្ញៀវ​ទេសចរណ៍អន្តរជាតិ​ក្នុង​ការ​ទូទាត់ ​និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ក្រដាស​ប្រាក់ ​ដែល​កន្លង​មក​មាន​ការ​លំបាក​​មួយ​ចំនួន​។​

ការ​តភ្ជាប់​ទាំង​នេះ ​នឹង​រួម​ចំណែក​ផង​ដែរ​លើ​ការ​ប្រើ​ប្រាស់​រូបិយវត្ថុ​ជាតិ​ បង្កើន​ជម្រើស​​លើ​មធ្យោបាយ​ទូទាត់​អន្តរ​ជាតិ​ ដោយ​ប្រសិទ្ធ​ភាព​ សុវត្ថិ​ភាព​ និង​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ប្រតិបត្តិការ​ សម្រាប់​គាំទ្រ​សមាហរណ​កម្ម​ និង​ការ​កើន​ឡើង​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ក្នុង​តំបន់​ និង​​អន្តរ​ជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here