តើអ្វីទៅជាភតិសន្យាហិរញ្ញវត្ថុ វាមានអត្ថន័យបែបណា?

ដោយៈ ចំណាន

    ភ្នំពេញៈ

ទូទៅអាជីវកម្មមួយបើកដំណើរការបាន លុះត្រាតែមានបច្ចេកទេស ដើមទុន សម្ភារៈប្រើប្រាស់ និងគំនិតច្នៃប្រឌិតជាដើមប៉ុន្តែសម្ភារៈ មួយចំនួនអាចមានតម្លៃថ្លៃ ដែលអាចធ្វើឱ្យដើមទុន មានការថមថយក្នុងប្រតិបត្តិការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូចនេះដើម្បីឱ្យមានលក្ខណៈងាយស្រួល ក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម ដែលកាត់បន្ថយការចំណាយ ទៅលើការទិញសម្ភារៈរបស់ម្ចាស់អាជីវកម្ម ច្បាប់បានបង្កើតឱ្យមានប្រព័ន្ធមួយស្តីពី “ភតិសន្យាហិរញ្ញវត្ថុ” ដោយម្ចាស់អាជីវកម្ម អាចជួលសម្ភារៈ ដែលមានតម្លៃថ្លៃយកមកប្រើប្រាស់ តាមតម្រូវការក្នុងអាជីវកម្មរបស់ខ្លួន។

តើភតិសន្យាហិរញ្ញវត្ថុជាអ្វី និងមានលក្ខណៈដូចម្តេច ហើយត្រូវបានបង្កើតឡើងយ៉ាងដូចម្តេចខ្លះដើម្បីមានសុពលភាព?

ដោយយោងតាមច្បាប់ស្តីពី ភតិសន្យាហិរញ្ញវត្ថុ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៨ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៩ ភតិសន្យាហិរញ្ញវត្ថុ  ត្រូវបានកំណត់និយមន័យថា ជាភតិសន្យា ឬកិច្ចសន្យាជួល សម្រាប់រយៈពេលដំបូងមួយឆ្នាំ ឬច្រើនជាងដែលរយៈពេលនោះមិនអាចកែប្រែបាន។

ចំពោះភតិកៈ ឬអ្នកជួលត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ នូវចល​នវត្ថុ និងជ្រើសរើសអ្នកផ្គត់ផ្គង់ ដោយមិនផ្អែកសំខាន់លើជំនាញ និងការវិនិច្ឆ័យរបស់ភតិបតីឡើយ ។ អ្នកផ្គត់ផ្គង់នៅត្រង់ចំណុចនេះ ចង់សំដៅដល់ រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលភតិបតី ទទួលចលនវត្ថុ ដែលត្រូវជួលឱ្យភតិកៈ។

ជារួម នៅក្នុងភតិសន្យាហិរញ្ញវត្ថុនេះ មានបុគ្គលចំនួនបី សំខាន់ រួមមាន៖ ១). អ្នកជួល (ភតិកៈ) ២). អ្នកឱ្យជួល (ភតិបតី) និង ៣). អ្នកផ្គត់ផ្គង់។

ជាឧទាហរណ៍ នៅពេលដែលភតិកៈ ចង់ទិញនូវត្រាក់ទ័រមួយដើម្បីបម្រើឱ្យសកម្មភាពអាជីវកម្មរបស់ខ្លួន ដូច្នេះភតិកៈនោះ អាចទៅមើលម៉ូដ ឬស៊េរីត្រាក់ទ័រណាមួយ ដែលខ្លួនពេញចិត្តពីអ្នកផ្គត់ផ្គង់បាន ដោយពុំបាច់ មានការយល់ព្រមពីភតិបតីឡើយ ប៉ុន្តែក្រោយពីសម្រេចចិត្តថាយកនូវត្រាក់ទ័រម៉ូដណាមួយហើយ អាចប្រាប់ទៅកាន់ភតិបតីបានដើម្បីភតិបតី ទិញចលនវត្ថុនោះពីអ្នកផ្គត់ផ្គង់ ដើម្បីយកមកជួលឱ្យភតិកៈ ។

ការជួលនូវចលនវត្ថុបែបនេះ ច្បាប់ក៏បានតម្រូវឱ្យចុះកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុរវាង ភតិបតី និងភតិកៈផងដែរ។ ចំពោះកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុ ត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខាដោយភតិបតី និងភតិកៈ ហើយត្រូវកំណត់រយៈពេល និងលក្ខខណ្ឌនៃគ្រប់ភាគី ទាក់ទងនឹងចលនវត្ថុដែលបានជួល ។

បន្ថែមពីនេះ ដោយយោងតាមមាត្រា៦នៃច្បាប់ស្ដីពី ភតិសន្យាហិរញ្ញវត្ថុ កិច្ចព្រមព្រៀងដែលមានលក្ខណ:ពេញលេញ ត្រូវតែមានចែងនូវចំណុចសំខាន់ៗ យ៉ាងតិចដូចខាងក្រោម ក). ការពណ៌នាពីចលនវត្ថុដែលបានជួល ខ). ចំនួនប្រាក់ ការកំណត់គ្រា និងរយៈពេលនៃការបង់ថ្លៃឈ្នួល គ).កាលបរិច្ឆេទចាប់ផ្ដើមភតិសន្យាហិរញ្ញវត្ថុ និង ឃ). ហត្ថលេខារបស់ភតិបតី និងភតិកៈ ។

ដូច្នេះ ការបង្កើតឱ្យមានភតិសន្យាហិរញ្ញវត្ថុ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់អាជីវកម្ម ដើម្បីឱ្យស្របទៅតាមការវិវត្តនៃវិស័យសេដ្ឋកិច្ច ក៏ដូចជា ជួយនូវម្ចាស់អាជីវកម្ម កាត់បន្ថយដើមទុនក្នុងការទិញសម្ភារៈ ប្រើប្រាស់ដែលមានតម្លៃថ្លៃ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការបង្កើតនូវភតិសន្យាហិរញ្ញវត្ថុនេះ ត្រូវតែគោរពទៅតាមលក្ខ​ខណ្ឌច្បាប់ ដូចដែលបានរៀបរាប់ខាងលើផងដែរ ទើបភតិសន្យានេះ មានសុពលភាពអាចអនុវត្តបាន ។

រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងកញ្ញាឈិន ឆាយអ៊ី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC)លេខ ១២៦៥  ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here