លោក ង៉ែត ជូ​បង្ហើប​ពី​ដើមទុន៣យ៉ាង​ដែល​មនុស្ស​ភាគច្រើន​មើលរំលង

ដោយៈ វណ្ណា​រ៉ា

ភ្នំពេញៈ នៅពេល​និយាយ​ពី​ដើមទុន មនុស្ស​ភាគច្រើន​តែង​គិត និង​ផ្តោតអារម្មណ៍​ទៅនឹង​ប្រាក់កាស ដោយ​ភ្លេច​គិត​ទៅលើ​ធនធាន​មួយចំនួន ដែល​ខ្លួន​មាន​ជាប់​ប្រាណ និង​មានតម្លៃ​សមស្រប​នៅក្នុង​សង្គម។

អ្នកជំនាញ​ផ្នែក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ង៉ែត ជូ និង​ជា​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​លើកឡើងថា មនុស្ស​ស្ទើ​តែ​គ្រប់រូប សុទ្ធ​តែមាន​ដើមទុន៣ប្រភេទ ដោយ​មិន​មែនមាន​ត្រឹមតែ​បាតដៃ​ទទេ​នោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “ការដែល​គ្មាន​ប្រាក់​ចាប់ផ្តើម​អាជីវកម្ម​អ្វីមួយ មិនមែន​មានន័យថា គ្មាន​ដើមទុន​នោះទេ” ។ លោក​បន្តថា “អ្នក​ត្រូវ​ដឹងថា ដើមទុន​គឺមាន​ចំនួន៣ប្រភេទ​រួមមាន ទី១) ដើមទុន​ផ្នែក​ហិរញ្ញវត្ថុ ឬ​សេដ្ឋកិច្ច (Economic or Financial Capital) ដូចជា​សាច់ប្រាក់ អចលនទ្រព្យ និង​ទ្រព្យសម្បត្តិ​ដទៃទៀត” ។

ទី២ ដើមទុន​ជា​ធនធានមនុស្ស (Human Capital) រូបអ្នក​ក៏​ជាដើម​ទុន​ដែរ អ្នក​អាច​យកចំណេះ-ជំនាញ ទៅ​បំរើ​ការឱ្យ​អ្នកដទៃ​ដោយ​ប្តូរ​យក​ជា​ប្រាក់ខែ ហើយ​សន្សំ ដើម្បី​ធ្វើជា​ដើមទុន​ចាប់ផ្តើម​អាជីវកម្ម ហើយ​បើ​ខ្វះ អ្នក​អាច​ខ្ចី​អ្នកដទៃ​បន្ថែម ដូចជា​ក្រុមគ្រួសារ ឬ​មិត្តភក្ដិ​ខ្លះទៅ។

ទី៣ ដើមទុន​សង្គម (Social Capital) ក្រុមគ្រួសារ មិត្តភក្ដិ និង​មនុស្ស​ដែល​អ្នក​រាប់អាន​ក៏​ជាដើម​ទុន​ដែរ។ ឧទាហរណ៍ ក្រុមគ្រួសារ​ផ្គត់ផ្គង់​ឱ្យ​អ្នក​បាន​រៀនសូត្រ ដើម្បី​សន្សំ​ចំណេះ-ជំនាញ រួច​ក្លាយខ្លួនជា​ធនធានមនុស្ស​ក្នុងសង្គម នោះ​ហើយ​គឺជា​ដើមទុន។

ដូច្នេះ នៅពេល​គ្មាន​ប្រាក់​ចាប់ផ្តើម​អាជីវកម្ម សូមកុំ​ទាន់​និយាយថា ខ្លួន​មាន​ត្រឹមតែ​បាតដៃ​ទទេ។ អ្នកមាន​ដើមទុន​ទី៣ (ដើមទុន​សង្គម) ដើម្បី​ឈានទៅ​កសាង​ដើមទុន​ទី២ (ដើមទុន​ជា​ធនធានមនុស្ស) និង​សន្សំ​ជាដើម​ទុន​ទី១ (ដើមទុន​ផ្នែក​ហិរញ្ញវត្ថុ)។ អ្នក​មិនមែន​បាត​ដៃទទេ​នោះទេ គ្រាន់តែ​អ្នកត្រូវការ​ការព្យាយាម ការខិតខំ និង​ប្រើ​ពេលវេលា​ឱ្យមាន​តម្លៃ​ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here