ដោយៈ សហការី
ភ្នំពេញៈ ប្រកាសចេញពីសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ នៅវិមាន៧មករា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ ឱ្យបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗបន្ថែមទៀត។
សន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងរយៈពេល២ថ្ងៃ នាថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុ ប្រធានគណបក្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។
សេចក្តីប្រកាសដដែលបានឱ្យដឹងថា អង្គសន្និបាត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី/ខេត្ត, អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និងសមាជិកសមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយ កម្លាំងចិត្តខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អ លើគ្រប់ផ្នែក។
អង្គសន្និបាត ក៏បានសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំ ដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា អស់ រយៈពេល៤៦ឆ្នាំកន្លងមកនេះ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ។
ឆ្លៀតក្នុងឱកាសនេះ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗបន្ថែមទៀត ក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿង លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។
សន្និបាតរយៈពេល២ថ្ងៃនេះ មានរបៀបវារៈដូចជា ទី១ ពិភាក្សា និងអនុម័តរបាយការណ៍ស្តីពី “សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៤ និងទិសដៅភារកិច្ច ឆ្នាំ២០២៥”។ ទី២ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន៤ រូប រួមមាន សម្តេចមហាមន្ត្រីគុយ សុផល លោក ធន់ វឌ្ឍនា លោក ម៉ម សារិន និងលោកតាក ស៊ុនអ៊ី ។
ទី៣ គាំទ្រទាំងស្រុងរបាយការណ៍បន្ថែម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពី ស្ថានការណ៍ទូទៅ ជាពិសេសការងារសេដ្ឋកិច្ច សង្គម។
ទី៤ បានជ្រួតជ្រាបយ៉ាងស៊ីជម្រៅ នូវមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានគណបក្ស ស្តីពីទស្សនៈសភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិ និងទិសដៅការងារម៉ូន របស់គណបក្សសម្រាប់រយៈពេលបន្ត៕