កម្ពុជា ​បារាំង​សហការ​ពង្រឹងធនធានមនុស្ស​ជំនាញ​ និង​នវានុវត្តន៍​ផ្នែក​បញ្ញា​សិប្បនិម្មិត​ និង​បច្ចេក​វិទ្យា​ឌីជីថល​ឈាន​មុខ

ដោយៈ ម៉ាណា

    ភ្នំពេញៈ កម្ពុជា-បារាំងរឹតចំណងសហការកសាង ធនធានមនុស្សជំនាញ និងនវានុវត្តន៍ផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលឈានមុខ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅធ្វើទស្សនកិច្ចការងារនៅសាកលវិទ្យាល័យ Grenoble Alpes (UGA) នៅក្រុងហ្ក្រឺណូប ប្រទេសបារាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងការចុះហត្ថលេខាលើឯកសារចំនួនពីរ ទី១ អនុស្សរណៈនៃការយោគយល់រវាងក.ប.ទ. និងសកលវិទ្យាល័យ UGA ដើម្បីបង្កើតក្របខណ្ឌទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការ លើការបណ្ដុះបណ្ដាលនិងស្រាវជ្រាវក្នុងផ្នែកបច្ចេកវិទ្យាឌីជីថល។

ទី២ កិច្ចព្រមព្រៀងភាពជាដៃគូត្រីភាគីរវាង ក.ប.ទ. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងUGA ក្នុងគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ (National AI and Data Science Research Center) ។

លើសពីនេះ គណៈប្រតិភូ ក.ប.ទ. ក៏បានស្វែងរកឱកាសសហការបន្ថែមទៀត តាមរយ:ការជួបពិភាក្សាជាមួយវិទ្យាស្ថាន និងមន្ទីរពិសោធន៍ឈានមុខគេរបស់បារាំង និងកិច្ចពិភាក្សាជាយុទ្ធសាស្ត្រដែលផ្តោតលើការពង្រីកការអប់រំ និងការស្រាវជ្រាវលើសន្តិសុខសាយប័រ មីក្រូអេឡិចត្រូនិក (Microelectronics) និងវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) និងវិស្វកម្មអវកាសនិងផ្កាយរណប (Space and Satellite Engineering)។

ភាពជាដៃគូយុទ្ធសាស្ត្រទាំងនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ក.បទ. ក្នុងការកសាងសមត្ថភាពក្នុងស្រុកដ៏រឹងមាំលើការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលឈានមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here