ដោយៈ ចំណាន
ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានចុះបញ្ជីមូលធនសរុប២៣,៨២ ពាន់លានដុល្លារ (៩៧ ទ្រីលានរៀល)តាមថ្នាលបច្ចេកវិទ្យាព័ត៌មានឌីជីថល។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីទិន្នន័យនេះកាលពីដើមសប្តាហ៍នេះ។
ក្នុងចំណោមទុនវិនិយោគខាងលើ សកម្មភាពវិនិយោគ និងអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ មានចំនួនសរុប២,៤៦ ពាន់លានដុល្លារ, សកម្មភាពសេវាកម្មស្នាក់នៅ១,៦៧ពាន់លានដុល្លារ ការសាងសង់អគារ១,៥៩ពាន់លានដុល្លារ កម្មន្តសាល១,១៩ពាន់លានដុល្លារ សកម្មភាពពិគ្រោះយោបល់ ផ្នែកគ្រប់គ្រង៩៦៧លានដុល្លារ និងផ្នែកផ្សេងៗ១៥,៩៣ពាន់លានដុល្លារ។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន កន្លងមកបានមានប្រសាសន៍ថា ការពង្រឹងប្រព័ន្ធច្បាប់អាជីវកម្ម ការសម្រួលនីតិវិធីចុះបញ្ជី ដែលមានភាពងាយស្រួល និងចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ម្ចាស់អាជីវកម្ម គឺបានជួយលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មកាន់តែច្រើននាំគ្នាទៅចុះបញ្ជី។
លោកបន្តថា “នៅពេលគ្រប់អាជីវកម្ម សុទ្ធតែបានការទទួលស្គាល់ពីអាជ្ញាធរ វានឹងជួយធ្វើឱ្យការប្រកួតប្រជែង មានតម្លាភាពជាងមុន”៕







