ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា ថៃបានរៀបចំកិច្ចប្រជុំស្តីពីគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ជំហានទី២ គម្រោងលើកកម្រិតផ្លូវជាតិលេខ៥៧ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពី ការផ្តល់ជំនួយបច្ចេកទេសលើការសិក្សា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ជំហានទី២។
លោកសុខុម ភគវន្តមុនី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំទ្វេភាគី ជាមួយនឹងលោកPerames Vudthitornetiraks ប្រធាន NEDA ស្តីពីគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ជំហានទី២ គម្រោងលើកកម្រិតផ្លូវជាតិលេខ៥៧ និងបានចុះហត្ថលេខាលើកំណត់ហេតុស្តីពី ការផ្តល់ជំនួយបច្ចេកទេស លើការសិក្សាគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ជំហានទី២ ក្រោមហិរញ្ញប្បទានពីស្ថាប័ន NEDA នៃព្រះរាជាណាចក្រថៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័ន NEDA ជាច្រើនរូប។
លោកអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះស្ថាប័ន NEDA ដែលបានផ្តល់ឥណទាន សម្រាប់គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជំហានទី១ ដែលបានបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែសីហា ឆ្នាំ២០២៣ កន្លងមក និងការផ្តល់ជំនួយបច្ចេកទេស ម្រាប់ការសិក្សាគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ជំហានទី២។
ឆ្លៀតក្នុងឱកាសនោះដែរ លោកPerames Vudthitornetiraks ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគម្រោងដែលខិតខំប្រឹងប្រែង ជួយធ្វើឱ្យគម្រោងបានបញ្ចប់ទៅដោយរលូនប្រកបដោយគុណភាព និងសោភណ្ឌភាព។ ស្ថាប័នNEDA បានបញ្ជាក់ថា នឹងបញ្ជូនក្រុមការងារបច្ចេកទេស ចុះសិក្សាលើគម្រោងលើកកម្រិតផ្លូវជាតិលេខ៥៧ នាពេលឆាប់ៗខាងនេះ។
ក្រោយពីកិច្ចប្រជុំបានបញ្ចប់ លោករដ្ឋលេខាធិការ និងលោក Perames Vudthitornetiraks បានចុះហត្ថលេខាលើកំណត់ហេតុស្តីពី ការផ្តល់ជំនួយបច្ចេកទេស លើការសិក្សាគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ជំហានទី២ផងដែរ៕