ដោយៈ និស្ស័យ
ភ្នំពេញៈ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មកាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.)។
លោកបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមអធិបតីភាព ដោយមានការចូលរួមពីលោក លោកជំទាវ ដែលជាថ្នាក់ដឹកនាំ ជនបង្គោលគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន សហគ្រាសាធារណៈ និងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត ជាច្រើនរូបផងដែរ។
សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ ជាមួយក្រសួងមុខងារសាធារណៈ។
ទន្ទឹមនឹងនេះ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់បបង្ហាញ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នៃក្រសួងសាធារណការ និងដឹកជញ្ជូន លើ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន និង(២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច៕