ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះលើសពីការរំពឹងទុក និងការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ដែលបង្កឡើងដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការនាំចេញថាមពលរបស់ប្រទេសរុស្ស៊ី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣០សេន ឬ០,៤% ដល់៨២,៣៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0120 GMT បន្ទាប់ពីបានកើនឡើង២,៦%កាលពីថ្ងៃពុធម្សិលមិញ ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំមុន។
ចំណែក តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៣២សេន ឬ០,៤% ដល់៨០,៣៦ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង៣,៣% កាលពីថ្ងៃពុធ ដោយឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ការផ្គត់ផ្គង់ប្រេងឆៅនៅលើពិភពលោកត្រូវបានគេរំពឹងថា នឹងជួបប្រទះភាពតានតឹងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយសារការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើបណ្តាក្រុមហ៊ុនផលិតប្រេង និងនាវាដឹកប្រេងរបស់រុស្ស៊ី។
ការដាក់ទណ្ឌកម្មនេះបាននាំឱ្យបណ្តាប្រទេស ដែលនាំចូលប្រេងពីទីក្រុងម៉ូស្គូដូចជាចិន និងឥណ្ឌា ងាកទៅរកប្រភពផ្សេងទៀតជំនួស ខណៈដែលអត្រាតម្លៃដឹកជញ្ជូនក៏បានកើនឡើងផងដែរ៕