ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិនដឹកនាំដោយលោក Tang Changzhong ប្រធានក្រុមហ៊ុន Beijing Endi (Group) Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យរ៉ែ មកពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ជូន ចំពោះគណៈប្រតិភូ និងបានធ្វើការកត់សម្គាល់ អំពីភាពរីកលូតលាស់នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានឈានដល់កម្រិតខ្ពស់បំផុត។
លោកជា វុទ្ឋីបានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង និងបានលើកឡើងពីរំហូរ គម្រោងវិនិយោគផ្ទាល់ពីចិន លើទឹកដីកម្ពុជាដែលតែងតែឈរ នៅលំដាប់កំពូលជានិច្ច ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ហើយនិន្នាការនៃកំណើនត្រូវបានរំពឹងថានឹងបន្តកើនឡើង។
មានមតិក្នុងជំនួបខាងលើនេះ លោក Tang Changzhong ប្រធានគណៈប្រតិភូបានសម្តែង នូវការអរគុណដល់លោកអគ្គលេខាធិការ ដែលបានចំណាយពេលវេលា ទទួលជួបគណៈប្រតិភូក្រុមហ៊ុន និងបានជម្រាបជូនថា ក្រុមហ៊ុនមានបំណងពង្រីក ការវិនិយោគមកកម្ពុជាក្នុងវិស័យរ៉ែ ហើយក៏បានមានការគិតគូរ ពីការបង្កើតនូវវិទ្យាស្ថានបណ្តុះបណ្តាលជំនាញ បច្ចេកទេសជូនដល់កម្មករនិយោជិតកម្ពុជា ក្នុងវិស័យរ៉ែផងដែរ។
លោកជា វុទ្ឋី បានស្វាគមន៍គម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនមកកម្ពុជា និងថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានគិតដល់ការបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យរ៉ែ។
យ៉ាងណាមិញ លោកអគ្គលេខាធិការបានណែនាំ ឱ្យក្រុមហ៊ុនធ្វើការពិភាក្សាលក្ខណៈបច្ចេកទេស លម្អិតជាមួយក្រសួងរ៉ែ និងថាមពល ដែលជាក្រសួងមានសមត្ថកិច្ច ក្នុងវិស័យរ៉ែជាមុនសិន។ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រង់ចាំសម្របសម្រួល និងទទួលសំណើសុំចុះបញ្ជី គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយក្តីរីករាយ៕