ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកកំពុងដាក់ចេញនូវការបិទផ្លូវដឹកជញ្ជូនរបស់អ៊ីរ៉ង់ឡើងវិញ ហើយនឹងយកថ្លៃសេវា២០ភាគរយលើទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូស។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,១៩ភាគរយ គិតត្រឹមម៉ោង២:៣៤នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ០,៧៤ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៧៩ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៦២ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានងើបឡើងថ្លៃ២,១៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ១,៣៦ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានស្ថិតនៅទ្រឹង ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៧៣ភាគរយ៕







